អភិបាលខេត្តកំពង់ធំប្រាប់មន្ត្រីរដ្ឋបាលស្រុកសន្ទុក សូមកុំពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ
កំពង់ធំ៖ ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានរំលឹកដល់ មន្ត្រីក្នុងក្របខ័ណ្ឌរដ្ឋបាលស្រុកសន្ទុក សូមកុំឱ្យមានពាក់ព័ន្ធនឹង បទល្មើសធនធានធម្មជាតិ និងសូមចូលរួមទប់ស្កាត់ការពារ បទល្មើស ធនធានធម្មជាតិនៅតំបន់វាលលើ (ក្នុងដែនជម្រកសត្វព្រៃ និងព្រៃ សហគមន៍) និងតំបន់វាលក្រោម (តំបន់៣) ឱ្យមាន ប្រសិទ្ធភាព។
ប្រសាសន៍នេះនៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃរដ្ឋបាលស្រុកសន្ទុកកាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងឱកាសនេះដែរឯកឧត្តម នួន ផារ័ត្ន បានកោតសរសើរនូវការខិតខំ ប្រឹងប្រែងចំពោះថ្នាក់ដឹកនាំរដ្ឋបាលស្រុក និងមន្ត្រីក្រោមឱវាទ ទាំង អស់ដែលកសាងនូវសមិទ្ធិផលជាច្រើន ជាពិសេសពាក់ព័ន្ធ នឹងការ ចុះបញ្ជីដីធ្លី រវាងដីរដ្ឋ និងដីរាស្ត្រ ស្ទើរតែបញ្ចប់បានមួយ រយភាគរយ។ ឯកឧត្តម អភិបាលខេត្តបានលើកទឹក ចិត្តដល់ មន្ត្រីរាជការនៃរដ្ឋបាល ស្រុកសន្ទុក បន្តសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹងរបៀបរបបធ្វើការងារ គោរពឋានានុក្រម វិន័យការងារ និង ក្រមសីលធម៌វិជ្ជាជីវៈ៕
ដោយ៖ ប៊ុន រដ្ឋា