វ៉ាដាច់បាងកកនិងសេអ៊ូល! ហាណូយក្លាយជាទីក្រុងគោលដៅទេសចរណ៍ល្អបំផុតនៅអាស៊ី
បរទេស៖ ទីក្រុង Ha Noi បានក្លាយជា «គោលដៅទីក្រុងទេសចរណ៍ឈានមុខគេ របស់អាស៊ី» ជាថ្មីម្តងទៀត នៅឆ្នាំ២០២៤ នេះបើតាមកម្មវិធីពានរង្វាន់ដំណើរពិភពលោក ឬ World Travel Awards 2024 ដែលជាការឈ្នះលើកទីបី របស់ទីក្រុង នៅប្រទេសវៀតណាមមួយនេះ ដោយបានយកឈ្នះលើគូប្រជែងធំៗ មានដូចជា ទីក្រុងបាងកករបស់ថៃ, ទីក្រុងសិង្ហបុរី ប្រទេសសិង្ហបុរី និង ទីក្រុងសេអ៊ូល របស់កូរ៉េខាងត្បូង នេះបើតាមទីភ្នាក់ងារព័ត៌មាន Seasia.co ចេញផ្សាយ កាលពីថ្ងៃទីព្រហស្បតិ៍។
ប្រភពបានអះអាងថា ចំណាត់ថ្នាក់នេះ ឆ្លុះបញ្ចាំងបញ្ជាក់សារជាថ្មី នូវការទាក់ទាញ កាន់តែខ្លាំងឡើង របស់ទីក្រុង Ha Noi លើសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងការទាក់ទាញលើការច្នៃប្រឌិតបែបទំនើប ផងដែរ។
បើតាមកាសែត Vietnamplus បានចេញផ្សាយថា គន្លឹះទាក់ទាញទេសចរណ៍ ទៅលេងកម្សាន្ត នៅវៀតណាម ក៏រួមបញ្ជូលទាំង សេវាកម្មសណ្ឋាគារ, រមណីយដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍ និងទីភ្នាក់ងារទេសចរណ៍ ព្រមទាំង ចំណុចផ្សេងៗទៀត ផងដែរ។
បើតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមួយនេះ បានឲ្យដឹងដែរថា ពានរង្វាន់ World Travel Awards ហៅកាត់ WTA ដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៩៣ ។ ជារឿយៗ WTA ត្រូវបានគេហៅថា ពានOscars នៃការធ្វើដំណើរ ដែលជាពានរង្វាន់លំដាប់ថ្នាក់ពិភពលោក នៅក្នុងវិស័យទេសចរណ៍។ WTAបានអះអាងថា ពួកគេផ្តោតលើការងារស្រាវជ្រាវ ទទួលស្គាល់ ផ្តល់រង្វាន់ និងអបអរសាទរភាពល្អឥតខ្ចោះនៅគ្រប់ទិដ្ឋភាព នៃការធ្វើដំណើរ ទូទាំងពិភពលោក៕
ប្រែសម្រួល៖ សារ៉ាត