សប្ដាហ៍ក្រោយ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី​២៥ នៅសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់​អញ្ជើញ​ចូលរួម​វេទិកា​ចំណេះដឹង​ពិភពលោកលើកទី២៥ ក្រោមមូលបទ “មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Journey Towards Coexistence)” ព្រមទាំងអញ្ជើញ​ចូលរួមកម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ដំណើរអញ្ជើញចូលរួមនេះតបតាមការអញ្ជើញរបស់ស្ថាបនិកនៃវេទិកាចំណេះដឹងពិភពលោក។

អញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន រួមមាន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធាន ទី២ ព្រឹទ្ធសភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសំខាន់ៗរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

អគ្គលេខាធិការព្រឹទ្ធសភាបានឱ្យដឹងថា ក្នុងឱកាសចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥នេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញ ថ្លែងសុន្ទរកថាពិសេស ក្រោម​ប្រធានបទ “មាគ៌ាឆ្ពោះទៅកាន់សហត្ថិភាព និងវិបុលភាពក្នុងអាស៊ាន”។ វេទិកានេះនឹងមានអ្នកចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នក​នយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញ ពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួម​ចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកល ប្រកបដោយតុល្យភាព។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងអ៊ីនឆន់ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបការងារជាមួយ ថ្នាក់ដឹកនាំសាធារណរដ្ឋកូរ៉េ រួមមាន ប្រធានាធិបតី និងប្រធានសភា និងទទួលជួបតំណាងក្រុមហ៊ុនធំៗរបស់សាធារណរដ្ឋកូរ៉េ។ ជាកិច្ចបន្ទាប់ សម្តេចតេជោ ប្រធាន​​ព្រឹទ្ធសភា នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ខេត្តស្យុងសាងបុកដូ ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំ និង​ការកសាងសន្តិភាព” ដែល រៀបចំដោយសាកលវិទ្យាល័យដុងហុកវ៉ាយស៍ និងផ្តល់កិត្តិយសធ្វើបាឋកថាស្តីពី “បទពិសោធន៍របស់​ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ” ពីប្រទេសដែលហែកហួរដោយ សង្គ្រាម និងវាលពិឃាត មកជាប្រទេសជាតិដែលពោរពេញដោយសន្តិភាព ការរួមរស់ជាមួយគ្នា (សហត្ថិភាព) និងការអត់ឱន។ ជាមួយគ្នានេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូ នឹងអញ្ជើញទស្សនាតំបន់ ទេសចរណ៍ “បូមុន” និងមជ្ឈមណ្ឌល​ពិព័រណ៍វប្បធម៌ពិភពលោកស្យុងយូ នៅក្នុងខេត្តឈៀងសាងបុកដូ។

គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដែលដឹកនាំដោយ សម្តេចគេជា ប្រធានព្រឹទ្ធសភា នឹងធ្វើមាតុភូមិនិវត្តន៍ នៅវេលាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤៕
ដោយ៖ពលជ័យ

ads banner