រកឃើញហ្វូស៊ីលដាយណូស័រកវែងមានអាយុ ៧៥លានឆ្នាំនៅអេស្ប៉ាញ
ម៉ាឌ្រីដ ៖ ហ្វូស៊ីល ឬគ្រោងឆ្អឹងដាយណូស័រដែលជាអម្បូរសត្វដាយណូស័រ sauropod ប្រភេទថ្មី ដែលមានអាយុកាល ៧៥លានឆ្នាំ ត្រូវបានក្រុមអ្នកបុរាណវិទូរកឃើញនៅក្នុងប្រទេសអេស្ប៉ាញ។
ក្រុមស្រាវជ្រាវដឹកនាំដោយអ្នកបុរាណវិទ្យា Pedro Mocho មកពីសាកលវិទ្យាល័យ Lisbon បានដាក់ឈ្មោះដាយណូស័រប្រភេទថ្មីនេះថា Qunkasaura pintiquiniestra។ ដាយណូស័រកវែងនេះ ត្រូវបានអ្នកជំនាញអះអាងថា បានរស់នៅក្នុងទីក្រុង Cuenca ប្រទេសអេស្ប៉ាញ។
ការរកឃើញឆ្អឹងដាយណូស័រប្រភេទថ្មីនេះ កើតឡើងបន្ទាប់ពីការរកឃើញឆ្អឹងដាយណូស័រជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ២០០៧មក ក្នុងអំឡុងពេលសាងសង់ផ្លូវរថភ្លើងល្បឿនលឿនរវាងទីក្រុង Madrid និង Levante នៅក្នុងទីក្រុង Cuenca។
ក្រុមស្រាវជ្រាវបាននិយាយថា ដាយណូស័រស៊ីស្មៅជាអាហារនេះ មានមាឌធំសម្បើម កវែង និងកន្ទុយវែង។ ហើយចាប់តាំងពីឆ្នាំ ២០០៧មក ក្រុមអ្នកបុរាណវិទូបានប្រមូលហ្វូស៊ីលជាង ១២,០០០បំណែង ពីកន្លែងបុរាណវិទ្យា “Lo Hueco”។
ការរកឃើញហ្វូស៊ីលចុងក្រោយនេះ នឹងធ្វើឱ្យវាក្លាយជាបណ្តុំឆ្អឹងដ៏មានតម្លៃបំផុតមួយ នៃហ្វូស៊ីលឆ្អឹងកងខ្នង នៃដាយណូស័រ Qunkasaura ដែលនៅសេសសល់កាលពីសម័យ ក្រេថេសឹស (Cretaceous) នៅអឺរ៉ុប។
ផ្នែកមួយនៃគ្រោងឆ្អឹងសត្វដាយណូស័រ Qunkasaura បច្ចុប្បន្នត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរ Paleontological នៃសហគមន៍ស្វយ័ត Castilla-La Mancha ក្នុងទីក្រុង Cuenca ប្រទេសអេស្ប៉ាញ៕
ប្រភព៖ interestingengineering ប្រែសម្រួលដោយ៖ ឈឹម ទីណា