ជំនួយសម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ជូនទីបញ្ជាការស្រាល បង្ក្រាបបទល្មើសធនធានធម្មជាតិស្រុកកំពង់ស្វាយ
កំពង់ធំ ៖ ជំនួយឧបត្ថម្ភរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុនអនុប្រធាន អចិន្ត្រៃយ៍នៃគណៈកម្មការគ្រប់គ្រង ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ យកទៅប្រគល់ជូនទីបញ្ជាការស្រាលការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់៣ ជាប់មាត់បឹងទន្លេសាប នៅតំបន់បត់ត្រង់ ក្នុងភូមិសាស្ត្រឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឱ្យដឹងថា ក្នុងរយៈពេល៤ខែកន្លង ទទួលបានលទ្ធផលល្អ ដោយគ្មានការកាប់ទន្ទ្រានជាថ្មីទាំងនៅភូមិសាស្ត្រប៉ែកខាងលើខេត្ត និងនៅក្នុងតំបន់ព្រៃលិចទឹក ដែលកងកម្លាំងចម្រុះកំពុងធ្វើសកម្មភាពជាប្រចាំ ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តាមឋានានុក្រមនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមអភិបាលខេត្តកំពង់ធំ។
លោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយ បានអរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមអភិបាលខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយនូវរាល់ការលំបាកជូនដល់កងកម្លាំង ក្នុងការបំពេញភារកិច្ច៕
ដោយ៖ ប៊ុន រដ្ឋា