មន្រ្តីកាកបាទក្រហមកម្ពុជា៖ការលើកម្ពស់សុខភាពសហគមន៍ ចាត់ទុកវិជ្ជាសង្គ្រោះបឋម និងកីឡា ជាការងារស្នូល និងត្រូវអនុវត្តជាប្រចាំ
កំពង់ធំ៖ លោកស្រី លំ គន្ធារី ប្រធានស្តីទីគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជានិង អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោកវិជ្ជាសង្រ្គោះបឋម ឆ្នាំ២០២៤ ក្រោមប្រធានបទ”សង្គ្រោះបឋម និងកីឡា” និងជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងវិស័យមនុស្សធម៌កាកបាទក្រហមកម្ពុជានៅបរិវេណវិទ្យាល័យតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងឱកាសនេះលោកស្រី លំ គន្ធារី បានលើកឡើងថា ការលើកម្ពស់សុខភាពសហគមន៍ ចាត់ទុកវិជ្ជាសង្គ្រោះបឋម និងកីឡា ជាការងារស្នូល និងត្រូវអនុវត្តជាប្រចាំ។លោកស្រីបានបន្ថែមទៀតថា តួនាទីសំខាន់ដែលសង្គ្រោះបឋម អាចដើរតួនាទីសំខាន់ក្នុង បរិបទកីឡា ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់បុគ្គលិក អ្នកទស្សនា និងប្រជាជនក្នុងសហគមន៍ទូទាំងពិភពលោក។ ពិភពកីឡាមានសារៈសំខាន់ និងមានថាមពល ដើម្បីស្វែងយល់ពីរបៀបសង្គ្រោះបឋម ព្រឹត្តិការកីឡា ចាប់ពីប្រណាំងថ្នាក់ដំបូង រហូតដល់ការប្រកួតអន្តរជាតិ សុទ្ធសឹងតែទាក់ទាញអ្នកចូលរួម និងអ្នកទស្សនាពីគ្រប់មជ្ឈដ្ឋាន ជាពិសេសភាពស្វាហាប់នៃកីឡា ធ្វើឱ្យបុគ្គលម្នាក់ៗ ប្រឈមនិងហានិភ័យផ្សេងៗ រួមទាំងការបាក់ឆ្អឹងកងខ្នង ការបាក់ឆ្អឹង ការប៉ះទង្គិចនានា និងការសង្គ្រោះបឋមនៃចលនាបេះដូង។
លោកស្រី លំ គន្ធារី ប្រធានស្តីទីគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា បានបញ្ជាក់បន្ថែមពីប្រធានបទ«សង្គ្រោះបឋម និងកីឡា» គឺសង្កត់ធ្ងន់លើការយកចិត្តទុកដាក់ ពីវេជ្ជសាស្ត្រភ្លាមៗនៅក្នុងបរិបទរងរបួសនៅពេលលេងកីឡា និងពីវិធីសាស្ត្រ ដែលមានប្រសិទ្ធ ភាពនិងការអនុម័តគោលនយោបាយជួយសង្គ្រោះបឋម ដើម្បីធានាសុវត្ថិភាព និងក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះករណីរងរបួស កាត់បន្ថយភាពធ្ងន់ធ្ងរ និងផលវិបាកនៃឧប្បត្តិហេតុទាក់ទងនឹងកីឡា៕
ដោយ៖ប៊ុន រដ្ឋា