ផែនដីបង្កើតការបំពុលដោយសំណល់ប្លាស្ទិក ៥៧លានតោនរៀងរាល់ឆ្នាំ
បរទេស ៖ ការសិក្សាថ្មីមួយបានបង្ហាញថា ពិភពលោកបង្កើតការបំពុលដោយប្លាស្ទីកចំនួន ៥៧លានតោនជារៀងរាល់ឆ្នាំ ក្នុងនោះច្រើនជាង២ភាគ៣ បណ្តាលមកពីសកលលោកខាងត្បូង។
ការសិក្សាដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature នេះ ត្រូវបានបញ្ចេញបន្ទាប់ពីក្រុមអ្នកស្រាវជ្រាវបានពិនិត្យកាកសំណល់នៅតាមបណ្តាទីក្រុង និងទីប្រជុំជនជាង ៥០,០០០កន្លែងនៅជុំវិញពិភពលោក។
អ្នកស្រាវជ្រាវនៅក្នុងការសិក្សានេះ បានគូសបញ្ជាក់ថា ១៥ភាគរយនៃចំនួនប្រជាជនពិភពលោក បានប្រមូល និងបោះចោលកាកសំណល់មិនត្រឹមត្រូវ ដែលជាហេតុផលធំមួយនៅអាស៊ីអាគ្នេយ៍ និងអនុតំបន់សាហារ៉ាអាហ្វ្រិក ផលិតកាកសំណល់ប្លាស្ទិកច្រើនបំផុត។
ឥណ្ឌានាំមុខគេលើពិភពលោក ក្នុងការបង្កើតការបំពុលប្លាស្ទិក ដោយមានកាកសំណល់រហូតដល់ ១០,២លានតោនក្នុងមួយឆ្នាំ ច្រើនជាងទ្វេដងនៃប្រទេសដែលបំពុលបរិស្ថានធំបន្ទាប់ គឺនីហ្សេរីយ៉ា និងឥណ្ឌូណេស៊ី។
ចិនជាប់ចំណាត់ថ្នាក់ទី៤ ប៉ុន្តែកំពុងបោះជំហានយ៉ាងខ្លាំងក្នុងការកាត់បន្ថយកាកសំណល់ ស្របពេលអ្នកបំពុលប្លាស្ទិកកំពូលផ្សេងទៀត គឺប៉ាគីស្ថាន បង់ក្លាដែស រុស្ស៊ី និងប្រេស៊ីល។
ប្រទេសទាំង ៨នេះ ទទួលខុសត្រូវចំពោះការបំពុលប្លាស្ទីកច្រើនជាងពាក់កណ្តាលនៃពិភពលោក នេះបើយោងតាមទិន្នន័យរបស់ការសិក្សា។
អង្គការសហប្រជាជាតិបានព្យាករថា ផលិតកម្មប្លាស្ទិកទំនងជានឹងកើនឡើងពីប្រមាណ ៤៤០លានតោនក្នុងមួយឆ្នាំ ដល់ជាង ១,២០០លានតោន ដែលនឹងធ្វើឲ្យផែនដីកាន់តែមានការបំពុលបន្ថែមទៀត។
ឆ្លើយតបនឹងបញ្ហានេះ កាលពីឆ្នាំ២០២២ ប្រទេសភាគច្រើននៅលើពិភពលោកបានយល់ព្រមធ្វើសន្ធិសញ្ញា ដែលមានកាតព្វកិច្ចស្របច្បាប់ជាលើកដំបូង ស្តីពីការបំពុលប្លាស្ទិក រួមទាំងនៅក្នុងមហាសមុទ្រ ខណៈការចរចាសន្ធិសញ្ញាចុងក្រោយធ្វើឡើងក្នុងប្រទេសកូរ៉េខាងត្បូងក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ៕ ប្រភព៖ AP ប្រែសម្រួលដោយ៖ ឈឹម ទីណា