ព្យុះទីហ្វុង Yagi វាយប្រហារចិន សម្លាប់មនុស្ស ២នាក់ និង រាប់ម៉ឺននាក់ភៀសខ្លួន
ប៉េកាំង : Yagi ដែលជាព្យុះទី១១ ក្នុងឆ្នាំ ២០២៤ បានវាយប្រហារប្រទេសចិន កាលពីថ្ងៃសុក្រសប្តាហ៍នេះ។
Yagi បានវាយប្រហារប្រទេសចិនចំនួនពីរលើក ដោយលើកទីមួយបានវាយប្រហារខេត្តហៃណាន និងក្រោយមក គឺខេត្តក្វាងទុង។
អាជ្ញាធរក្នុងតំបន់បាននិយាយនៅថ្ងៃសៅរ៍នេះថា ព្យុះទីហ្វុង Yagi បានបោកបក់លើខេត្តកោះហៃណាន ភាគខាងត្បូងប្រទេសចិន ដោយពាំនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកយ៉ាងសន្ធាប់ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២នាក់ស្លាប់ និង ៩២នាក់ទៀតរងរបួស។
Yagi ជាព្យុះទី១១ ក្នុងឆ្នាំ ២០២៤នេះ ដែលបានវិវឌ្ឍន៍ទៅជាព្យុះទីហ្វុងកម្រិត ១៧។ កម្លាំងខ្យល់អតិបរិមានៅជិតចំណុចកណ្តាលរបស់វា បានឈានដល់ល្បឿន ២០៨.៨គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលដែលព្យុះទីហ្វុងនេះ បានបោកបក់ជាលើកទីពីរនៅក្នុងខេត្តក្វាងទុង។
គិតត្រឹមថ្ងៃត្រង់ថ្ងៃសុក្រ ព្យុះទីហ្វុងនេះបានបង្ខំឱ្យអ្នកស្រុកជាង ៥៧៤,៥១១នាក់នៅក្នុងខេត្តក្វាងទុងផ្លាស់ប្តូរទីលំនៅ រួមទាំងមនុស្សចំនួន ៤០៧,០៦៤នាក់នៅក្នុងទីក្រុង Zhanjiang ជាកន្លែងដែលព្យុះទីហ្វុងបានបោកបក់ជាលើកទីពីរ។
រីឯទូកនេសាទ ៨៤.៨៧៣គ្រឿងបានស្វែងរកជម្រកសុវត្ថិភាពនៅក្នុងកំពង់ផែ។ នៅរសៀលថ្ងៃសុក្រដដែល ផ្លូវទឹក៧២ ក្នុងចំណោមផ្លូវដឹកអ្នកដំណើរតាមផ្លូវទឹក៩៤ របស់ខេត្តក្វាងទុងត្រូវបានផ្អាក។
រថភ្លើងល្បឿនលឿនសរុបជាង ១៤១ខ្សែបានផ្អាក។ សាលា ក្នុង ក្រុង ទាំង ១០ ទូទាំង ខេត្ត ក៏ ត្រូវ បាន បិទ ជា បណ្ដោះ អាសន្ន។ ហើយការធ្វើចរាចរណ៍នៅលើដងផ្លូវ ស្ពាន និងផ្លូវរូងក្រោមដីទាំងអស់បានបិទជាបណ្តោះអាសន្ននៅក្នុងទីក្រុងជាច្រើន។
អាជ្ញាធរឧតុនិយមបានព្យាករណ៍ថា ព្យុះទីហ្វុង Yagi នឹងបន្តផ្លាស់ទីទៅភាគពាយព្យក្នុងល្បឿនពី ១៥ ទៅ ២០គីឡូម៉ែត្រក្នុងមួយម៉ោង មុនពេលថមថយកម្លាំងនៅក្នុងតំបន់ឈូងសមុទ្រ Beibu។
យោងតាមការិយាល័យឧតុនិយមខេត្តក្វាងទុង បានឱ្យដឹងថា ព្យុះទីហ្វុងនេះ ត្រូវបានគេរំពឹងថា នឹងបង្កឱ្យមានការរអិលបាក់ដី នៅតំបន់ព្រំដែនចិន-វៀតណាមនៅរសៀលថ្ងៃសៅរ៍នេះ បន្ទាប់មកកម្លាំងវាទំនងជានឹងថយចុះយ៉ាងឆាប់រហ័ស៕ ប្រភព : ស៊ីនហួរ ប្រែសម្រួលដោយ : ឈឹម ទីណា