ប្រធានសហព័ន្ធសន្តិភាពសកលអន្តរជាតិ ៖ សន្តិភាព និងការបង្រួបបង្រួមជាតិ បានអនុវត្តនៅកម្ពុជា ជាមូលដ្ឋានគ្រឹះសម្រាប់អន្តរជាតិសិក្សាស្វែងយល់ និងធ្វើជាគំរូ
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់សហព័ន្ធសន្តិភាពសកល សមាគមអន្តរជាតិនៃសភាដើម្បីសន្តិភាព ដឹកនាំដោយ លោក ឆាល យ៉ាង(Charles Yang) ប្រធានសហព័ន្ធសន្តិភាពសកលអន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ។
ជំនួបនោះភាគីទាំងពីរបានពិគ្រោះយោបល់លើខ្លឹមសារធម្មនុញ្ញសន្តិភាព (Pea ce Charter) ដែលជាឯកសារស្នូលសម្រាប់សម័យប្រជុំពេញអង្គ សភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព(IPTP) លើកទី១១ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២៤ ។
សម្តេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះសកម្មជនស្វែងរកសន្តិភាព មកពីបណ្តាប្រទេសជាច្រើន ដូចជាសាធារណរដ្ឋកូរ៉េ អាមេរិក ឥណ្ឌា ជាដើមនោះ បានមកដល់កម្ពុជា នាឱកាសនេះ ដើម្បីផ្លាស់ប្តូរយោបល់ជាធាតុចូលដ៏សំខាន់ទៅលើការកសាងធម្មនុញ្ញសន្តិភាព ដែលជាឯកសារសំខាន់មួយក្នុងការកសាងការពារសុខសន្តិភាព ស្ថិរភាពសង្គម ប្រកបដោយចីរភាព ជូនប្រជាជនទូទាំងសកលលោក ស្របពេលដែលស្ថានការណ៍ពិភពលោកកំពុងរងនូវភាពផុយស្រួយ មានហានិភ័យខ្ពស់ និងសណ្តាប់ធ្នាប់សកលធ្លាក់ចុះនោះ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សម្រាប់កម្ពុជាសន្តិភាពពិតជាមានតម្លៃធំធេង។ សន្តិភាពនៅកម្ពុជា បានមកដោយលំបាក ក្រោយពីប្រទេសជាតិបានឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍ និងរបបប្រល័យពូជសាសន៍ ធ្វើឱ្យសង្គមជាតិបែកបាក់ ខ្ទេចខ្ទីស្ទើរគ្មានសល់ ហើយសម្តេចតេជោ ហ៊ុន សែន ជាតួអង្គនាំសន្តិភាពជូនប្រទសជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ។ នយោបាយឈ្នះ-ឈ្នះ កម្ពុជាទទួលបាននូវការបង្រួបបង្រួមជាតិ និងទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនជាលំដាប់ឆ្ពោះទៅកាន់ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍បន្តថា ការផ្លាស់ប្តូរការដឹកនាំនៅកម្ពុជាពីឥស្សរជនជំនាន់មុនមកឥស្សរជនបន្តវេន ប្រកបដោយសក្តានុពល ពោរពេញដោយសមត្ថភាព ជាការផ្លាស់ប្តូរដោយសន្តិវិធី គ្មានហិង្សា និងមានការគំាទ្រពេញទំហឹងពីប្រជាពលរដ្ឋ។
លោកបណ្ឌិត ឆាល យ៉ាង បានគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងវាយតម្លៃខ្ពស់ពីពលិកម្ម និងទេពកោសល្យដ៏ប៉ិនប្រសប់ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។ គណៈប្រតិភូបានគូសបញ្ជាក់ថា សន្តិភាព និងការបង្រួបបង្រួមជាតិ ដែលសម្តេចហ៊ុន សែន បានអនុវត្តនៅកម្ពុជា ជាមូលដ្ឋានគ្រឹះសម្រាប់អន្តរជាតិសិក្សាស្វែងយល់ និងធ្វើជាគំរូ។
គណៈប្រតិភូបានសង្កត់ធ្ងន់ថា ការបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ២០២៣ ជាការបោះឆ្នោតដែលបានដំណើរការទៅដោយរលូន ត្រឹមត្រូវ តម្លាភាព និងជាគំរូ នៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ ៕
ដោយ ៖ ហេង សម្បត្តិ