ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ៖ ការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតលើកទី៣ សម្រាប់ឆ្នាំ២០២៥ ភាគីនិយោជកដាក់តួលេខដំឡើង ២ដុល្លារ និងសហជីពបន្ថយតួលេខ ១០ដុល្លារអាមេរិក
(ភ្នំពេញ)៖ ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ មានប្រសាសន៍ថា ក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួលអប្បបរមា នឹងប្រជុំការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥ ដោយភាគីនិយោជកដាក់តួលេខដំឡើង ២ដុល្លារនិងសហជីពបន្ថយតួលេខ ១០ ដុល្លារអាមេរិក ។ ឯកឧត្ដមរដ្ឋមន្រ្តី បញ្ជាក់ថា ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត បានបន្ថយតួលេខកំណើនពីចំនួន ១៤ដុល្លារអាមេរិក មកចំនួន ១០ដុល្លារអាមេរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាមេរិក និងតំណាងភាគី និយោជក បានដំឡើងតួលេខកំណើនពីចំនួន ១ដុល្លារអាមេរិក ទៅចំនួន ២ដុល្លារអាមេរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាមេរិក។
ប្រសាសន៍ ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥ កាលពីថ្ងៃទី៦ ខែកញ្ញានេះ នៅទីស្តីការក្រសួង។
ឯកឧត្ដម បន្ដថា ភាគីទាំងពីរបានបន្តពន្យល់គ្នាទៅវិញទៅមកនូវគោលជំហររបស់ខ្លួនប្រកបដោយ វិជ្ជាជីវៈ និងភាពចាស់ទុំ ហើយជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាល បានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមពាក់ព័ន្ធនឹងលក្ខណ:វិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ ។
លោក គឹម ចាន់សំណាង ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានឱ្យដឹងថា ភាគីសហជីពសម្រេចដាក់តួលេខ១០ ដុល្លារអាមេរិក ដើម្បីធ្វើឱ្យការចរចាក្នុងការដំឡើង និងទម្លាក់ឱ្យមានភាពសម្របស្រប និងទទួលបានទាំងអស់គ្នា ។ លោកបន្ថែមថា ការចរចាប្រាក់ឈ្នួលនេះ គឺមាន២លើកទៀត នឹងអាចមានការប្រែប្រួលតួលេខខ្លះតាមស្ថានភាពជាក់ស្ដែង ដើម្បីឈានទៅបញ្ចប់គ្នាទាំងស្រុងនាពេលខាងមុខនេះ។
បើតាមឯកឧត្តម រដ្ឋមន្រ្តី ហេង សួរ បានបញ្ជាកផងដែរថា អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀតនៅសប្តាហ៍ក្រោយ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខ ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន ២០៤ដុល្លារក្នុងមួយខែ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលចន្លោះពី ២២១ ទៅ ២៣២ដុល្លារអាមេរិកក្នុងមួយខែ ដោយមិនទាន់ពីគិតពីអត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានពី ប.ស.ស.៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា