ប្រជាពលរដ្ឋចាប់ផ្តើមទស្សនកិច្ចជើងដំបូងដោយមិនចំណាយប្រាក់ទៅកាន់តំបន់ប៉ែកឦសានប្រទេសកម្ពុជា
ភ្នំពេញ៖ដំណើរទស្សនកិច្ចជើងដំបូងរបស់ប្រជាពលរដ្ឋចំនួន២០០នាក់ទៅកាន់តំបន់ប៉ែកឦសាននៃប្រទេសកម្ពុជា បានធ្វើដំណើរចេញពីរាជធានីភ្នំពេញនៅវេលាម៉ោងប្រមាណ៥ព្រឹកថ្ងៃសៅរ៍ទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីធ្វើទស្សនកិច្ចក្នុងតម្រាយផ្លូវដែលបានកំណត់រួច គឺឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។កម្មវិធីនេះសម្របសម្រួលដោយក្រសួងព័ត៌មាន។
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់តាមសារអេឡិចត្រូនិចថា ក្រោយស្រស់ស្រូបអាហារពេលព្រឹករួចដំណើរទស្សនកិច្ចពលរដ្ឋបានអញ្ជើញទៅដល់ទីតាំងទី១គឺ៖ ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែង ទីតាំងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាមនៅក្នុងតំបន់ភូមិសាស្ត្រនេះ ក៏ដូចជាស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ច ព្រមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើននិងជាបន្តបន្ទាប់។ ទាំងនេះគឺដោយសារកម្ពុជាមានសន្តិភាពពេញលេញ និងការអភិវឌ្ឍឥតឈប់ឈរទាំងនៅកម្រិតជាតិនិងកម្រិតសហគមន៍មូលដ្ឋាន ជាពិសេសគឺការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ដែលរាជរដ្ឋាភិបាលកម្ពុជាទាំងក្នុងអាណត្តិមុនៗ និងក្នុងអាណត្តិទី៧នេះ បានយកចិត្តទុកដាក់ជាអាទិភាពខ្ពស់បំផុត ដើម្បីធានាឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
ឯកឧត្តម ទេព អស្នារិទ្ធ បន្តថា ក្រោយពីបានចុះពិនិត្យនិងបានទទួលព័ត៌មានពីស្ថានភាពពិតក្នុងតំបន់ភូមិសាស្ត្រខាងលើរួច ក្រុមទស្សនកិច្ចយើងបានបន្តដំណើរទៅកាន់ទីតាំងសំខាន់ៗផ្សេងៗទៀតដូចដែលបានគ្រោងទុក ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តមណ្ឌលគិរីជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចនឹងត្រលប់មកកាន់រាជធានីភ្នំពេញវិញនាល្ងាចនៃសៅរ៍ដដែលនេះ។
សូមជម្រាបថា ទស្សនកិច្ចប្រភេទនេះជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់ហើយ ហើយបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានសម្រាប់ការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕ដោយ៖ពលជ័យ