កូនស្រីពៅលោក ថាក់ស៊ីន ដឹកនាំគណៈរដ្ឋមន្ត្រីថ្មីស្បថចូលកាន់តំណែងជាផ្លូវការ
បាងកក : លោកស្រី ថែថងថាន ស៊ីណាវ៉ាត់នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ កាលពីល្ងាចថ្ងៃសុក្រទី៦ ខែកញ្ញា បានដឹកនាំគណៈរដ្ឋមន្ត្រីស្បថចូលកាន់តំណែងជាផ្លូវការ។
លោកស្រី ថែថងថាន ស៊ីណាវ៉ាត់ បានស្បថក្នុងពិធីបិទទ្វារមួយ ជាមួយព្រះមហាក្សត្រ ថៃព្រះបាទ មហា វេជ្ជរ៉ាឡុងកន នៅម៉ោងប្រហែល ៦និង១៥ល្ងាចថ្ងៃសុក្រ ជាផ្លូវការ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសថៃ។
ជាមួយគ្នានេះ លោកស្រី ថែថងថាន ក៏បានដឹកនាំគណៈរដ្ឋមន្ត្រីស្បថចូលកាន់តំណែងជាផ្លូវការផងដែរ។ រដ្ឋាភិបាលថ្មីនេះ នឹងត្រូវអានអត្ថបទគោល នយោបាយនៅមុខរដ្ឋសភា នៅថ្ងៃទី១២ និង ទី១៣ ខែកញ្ញានេះ។
គណៈរដ្ឋមន្ត្រីដែលមានសមាជិកចំនួន ៣៦ រូប របស់ លោកស្រី ថែថងថាន ក្ក្នុងនោះរួមមានស្ត្រីចំនួន ៨ រូប ដែលដែលនេះជាកំណត់ត្រាមួយ។ នេះបើយោងតាមការចេញផ្សាយ របស់ ទូរទស្សន៍ Thai PBS។
ព្រះមហាក្សត្រថៃបានអបអរសាទរគណៈរដ្ឋមន្ត្រីថ្មីរបស់លោកស្រី ថែថងថាន ដោយបានមានព្រះបន្ធូលនៅក្នុងសុន្ទរកថាដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ថា ខ្ញុំជឿជាក់ថា អ្នកនឹងបំពេញភារកិច្ចរបស់អ្នកដោយឧត្តមភាព។
កូនស្រីពៅលោក ថាក់ស៊ីន វ័យ ៣៨ឆ្នាំរូបនេះ គឺជាសមាជិកទីបីនៃត្រកូលស៊ីណាវ៉ាត់ ដែលបានដឹកនាំប្រទេសថៃក្នុងរយៈពេល ២៣ឆ្នាំមកនេះ បន្ទាប់ពីឪពុក និងម្តាយមីងរបស់លោកស្រី គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់។
ហើយការស្បថចូលកាន់តំណែងរបស់លោកស្រី ថែថងថាន នេះកើតឡើងចំពេលដែលប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីររបស់អាស៊ីអាគ្នេយ៍ នេះ ប្រឈមមុខនូវកំណើន និងការវិនិយោគនៅទ្រឹង ខណៈដែលអស្ថិរភាពនយោបាយនៅតែបន្ត៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា