អភិបាលខេត្តកំពង់ធំបញ្ជាក់ពីសារៈសំខាន់ក្នុងការការពារបរិស្ថាននិងគ្រប់គ្រងធនធានធម្មជាតិ

កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន  អភិបាលខេត្តកំពង់ធំ បានលើកឡើងពី សារៈសំខាន់នៃការការពារបរិស្ថាន និងការគ្រប់គ្រងធនធាន​ធម្មជាតិ។

ក្នុងជំនួបជាមួយមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ កាល ពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាល ខេត្តកំពង់ធំ ជាមួយនឹងការគូសបញ្ជាក់ពីសារៈសំខាន់លើវិស័យបរិស្ថាន និងធនធានធម្មជាតិដែលកម្ពុជាមាន ​ឯកឧត្តម​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីបរិស្ថានខេត្តកំពង់ធំ ដែលបាន ខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារ​បរិស្ថាន ដែលជាឧត្តម ប្រយោជន៍មួយរបស់ខេត្ត ក៏ដូចជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឱ្យខេត្តកំពង់ធំ មានបរិស្ថានល្អ ប្រកប​ដោយភាពបៃតង ស្រស់បំព្រង ស្របប្រធានបទ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ។ឯកឧត្តមបានជំរុញឱ្យបង្កើនការដាំដុះកូនឈើ លើដី​ដែលបានដក ហូតពីការរំលោភបំពានរបស់ជនខិលខូចមួយចំនួន ដើម្បីទុកឱ្យក្មេង ជំនាន់ក្រោយបានស្គាល់ ។ឯកឧត្តមរំលឹកឱ្យ​បន្តរួមគ្នាទប់ស្កាត់បទ​ល្មើសលើធនធានធម្មជាតិនិងការពារធនធានធម្មជាតិតំបន់វាលលើឱ្យមានប្រសិទ្ធភាព។

ទាក់ទងនឹងសកម្មភាពបរិស្ថាននៅខេត្តកំពង់ធំ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានបញ្ជាក់ថា មន្ទីរបាន​ផ្សព្វផ្សាយ​​ច្បាប់លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តី​ពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ និងច្បាប់ស្តីពី​ក្រមបរិស្ថាន និង ធនធានធម្មជាតិ ដោយគ្រប់រូបភាព។ បានពង្រឹង​ការចុះល្បាតទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើស​ក្នុងតំបន់ការពារ​ធម្មជាតិក្នុងភូមិសាស្ត្រខេត្ត និងចុះត្រួតពិនិត្យប្រភពបំពុលបរិស្ថានតាម​បណ្តាក្រុង/ស្រុក។ មន្ទីរបានជំរុញដល់​ម្ចាស់គម្រោង ឬម្ចាស់អាជីវកម្ម​ឱ្យធ្វើកិច្ចសន្យាការពារបរិស្ថាន និងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់​បរិស្ថាន និងសង្គម រាល់​គម្រោងដែលតម្រូវឱ្យធ្វើកិច្ចសន្យា និងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន៕
 ដោយ៖​ប៊ុន​រដ្ឋា

ads banner