Nokia ចាប់ដៃ AT&T បង្កើតបណ្តាញខ្សែកាប្លិ៍ដ៏ធំនៅសហរដ្ឋអាមេរិក
ហែលស៊ិនគី៖ ក្រុមហ៊ុន Nokia និង ក្រុមហ៊ុន AT&T បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតបណ្តាញខ្សែកាប្លិ៍ដ៏ធំនៅសហរដ្ឋអាមេរិក។
ប្រតិបត្តិករទូរគមនាគមន៍អាមេរិក AT&T និងក្រុមហ៊ុនបច្ចេកវិទ្យាហ្វាំងឡង់ Nokia បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតបណ្តាញខ្សែកាប្លិ៍នៅសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ក្រុមហ៊ុន Nokia បានរំពឹងថា នឹងមើលឃើញកំណើនថ្មី នៃការតភ្ជាប់បណ្តាញខ្សែកាប្លិ៍ fiber នៅសហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណា ក្រុមហ៊ុន Nokia មិនបានបង្ហាញពីតម្លៃនៃកិច្ចព្រមព្រៀង fiber ដែលមានរយៈពេល៥ឆ្នាំថ្មីនេះទេ ប៉ុន្តែបានហៅវាថា ជា “ព្រឹត្តិការណ៍ដ៏សំខាន់”។
Nokia ក៏បានអះអាងដែរថា កិច្ចព្រមព្រៀងនេះ នឹងជួយជំរុញការប្រើអ៊ីនធឺណិតសម្រាប់អ្នកប្រើប្រាស់រាប់លាននាក់នៅក្នុងសហរដ្ឋអាមេរិក ក៏ដូចជាគាំទ្រដល់បណ្តាញខ្សែកាបអុបទិកដ៏ទូលំទូលាយរបស់ AT&T។
នៅក្នុងខែកក្កដា ក្រុមហ៊ុន Nokia បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញ ៣២ភាគរយ ប៉ុន្តែនាយកប្រតិបត្តិ Nokia លោក Pekka Lundmark បានព្យាករណ៍ថា ការលក់សុទ្ធនឹងកើនឡើងខ្លាំងនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៤នេះ ដោយសារការកែលម្អទីផ្សារ fiber នៅសហរដ្ឋអាមេរិក និងកម្មវិធីរបស់រដ្ឋាភិបាលអាមេរិកមានតម្លៃ ៤២ពាន់លានដុល្លារ ដើម្បីជំរុញពលរដ្ឋឱ្យប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿន។
ដោយឡែក កាលពីខែមិថុនា ក្រុមហ៊ុន Nokia បានប្រកាសទិញយកក្រុមហ៊ុនផលិតឧបករណ៍បណ្តាញអុបទិក Infinera របស់អាមេរិក ក្នុងកិច្ចព្រមព្រៀងតម្លៃ ២.៣ពាន់លានដុល្លារ ក្នុងគោលបំណងទទួលបានពីការវិនិយោគរាប់ពាន់លានដុល្លារ ដែលចាក់បញ្ចូលទៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)៕ ប្រភព៖ Yahoo News ប្រែសម្រួលដោយ៖ ឈឹម ទីណា