លោក Trump ចង់តែងតាំងមេធំ SpaceX ឱ្យដឹកនាំគណៈកម្មាការប្រសិទ្ធភាពរបស់រដ្ឋាភិបាល
វ៉ាស៊ីនតោន៖ លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបង្ហាញពីគោលបំណងរបស់ខ្លួន នៅក្នុងការតែងតាំងមេធំ SpaceX លោក Elon Musk ឱ្យដឹកនាំសវនកម្មលើការចំណាយរបស់រដ្ឋាភិបាល និងអនុវត្តកំណែទម្រង់សំខាន់ៗ។
បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក Donald Trump បានប្រកាសថា ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតី លោកនឹងតែងតាំងមហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk ឱ្យដឹកនាំសវនកម្មលើការចំណាយរបស់រដ្ឋាភិបាល និងអនុវត្តកំណែទម្រង់សំខាន់ៗ។
លោក Trump បាននិយាយថា តបតាមសំណើរបស់លោក Musk គាត់នឹងបង្កើតគណៈកម្មាការប្រសិទ្ធភាពរបស់រដ្ឋាភិបាល ដែលមានភារកិច្ចធ្វើសវនកម្មហិរញ្ញវត្ថុ និងការអនុវត្តពេញលេញនៃរដ្ឋាភិបាលសហព័ន្ធទាំងមូល ដែលមាននាយកប្រតិបត្តិក្រុមហ៊ុន Tesla គឺលោក Musk ជាប្រធាន។
លោក Trump បានប្រាប់ស្ថាប័ន Economic Club of New York ថា ការបង្កើតគណៈកម្មាការប្រសិទ្ធភាពរបស់រដ្ឋាភិបាលនេះ គឺជាកិច្ចខិតខំប្រឹងប្រែងដែលនឹងអាចជួយសន្សំថវិកាបានរាប់ពាន់ពាន់លានដុល្លារឯណោះ។ លោក Trump បន្ថែមថា គណៈកម្មាការនេះដែរ ក៏នឹងបង្កើតផែនការសកម្មភាពមួយ ដើម្បីលុបបំបាត់ការក្លែងបន្លំ និងការបង់ប្រាក់មិនត្រឹមត្រូវទាំងស្រុងក្នុងរយៈពេល៦ខែ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា