ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដស.ស.យ.ក ចុះពិនិត្យ ព្យាបាលជំងឺ និងចែកឱសថជូនប្រជាពលរដ្ឋនៅឃុំកោះសូទិន
កំពង់ចាម៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានចាត់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ហែម សុវត្តិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋក្នុងឃុំកោះសូទិន ជាង៤.០០០នាក់ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ កោះសូទិន ស្រុកកោះសូទិន។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងក្នុងឱកាសបំពេញការងារតាមការចាត់តាំងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ថា ការចុះពិនិត្យ និងព្យាបាលជំងឺ នាពេលនេះ គឺដើម្បីលើកម្ពស់កម្រិតសុខភាព ជូនបងប្អូនប្រពលរដ្ឋ ដែលជាផ្នែកមួយបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ពីព្រោះបើយើងមានជំងឺតម្កាត់ យើងត្រូវទៅកាន់ពេទ្យឯកជន និងត្រូវការចំណាយបង់ប្រាក់ផ្ទាល់ខ្លួន ប៉ុន្តែពិធីនៅថ្ងៃនេះ គឺពុំមានការបង់ថ្លៃសេវាព្យាបាលឡើយ។
ឯកឧត្តមអភិបាលខេត្ត បានគូសរំលេចទៀតថា ស្របពេលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគិតគូ និងលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ។ទន្ទឹមនឹងការកសាងសមិទ្ធផល នៃផ្នែកហេដ្ឋារចនាសម្ព័ន្ធ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់ ផងដែរ អំពីសុខភាព របស់នប្រជាពលរដ្ឋទូទៅ ពីព្រោះថា ដើម្បីជីវិតរស់នៅបានយឺនយូរ ចាំបាច់ណាស់មនុស្សម្នាក់ៗ ត្រូវតែមានសុខភាពល្អបរិបូណ៌ ទាំងផ្លូវកាយ និងផ្លូវចិត្ត ទើបជាការប្រសើរ៕
ដោយ៖លីពៅ