រដ្ឋមន្រ្តីក្រសួងធម្មការអញ្ជើញជួបមន្ត្រីរាជការនៃមន្ទីរធម្មការខេត្តស្វាយរៀង

ស្វាយរៀង៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញ​បន្តចុះ​សំណេះ​សំណាលនិងសួរសុខទុក្ខមន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង ដោយមានការចូលរួមពីសំណាក់លោក សុខារ៉ាម អភិបាល​រងតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។ 

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងទៅកាន់មន្រ្តីចូលរួមថា ការជួបនាពេលនេះ​ដើម្បីស្វែងយល់នូវសកម្មភាព​ការងារ​របស់មន្រ្តីរាជការ នៃមន្ទីរធម្មការ​ខេត្តស្វាយរៀង ដែលបានអនុវត្តកន្លងមកនិងជំរុញការអនុវត្តកម្មវិធី​នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋា​ភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកថា មន្ទីរធម្មការនិងសាសនា ដែលជាសេនា​ធិការរបស់ក្រសួងធម្មការដូចនេះចាំបាច់​ពង្រឹងនូវសមត្ថភាព​របស់មន្រ្តី​ក្រោមឱវាទក្នុងការរៀបចំគ្រប់គ្រងសាសនាទាំងអស់ ធ្វើយ៉ាងណា​មានសុខដុមភាពសាសនាដែលមានស្រាប់។ជាពិសេស​​ការខិត​​ជិត​មកដល់នៃពិធីបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យដ៏ធំសម្រាប់អ្នកាន់ព្រះពុទ្ធសាសនា ដែលជាសាសនា​របស់រដ្ឋដូចនេះមន្ទីរធម្មការនិងសាសនា​ខេត្ត ត្រូវសហការជាមួយព្រះសង្ឃ គណៈកម្មការវត្ត អាចារ្យ អាជ្ញាធរ​មូលដ្ឋានរៀបចំទីអារាម​ឱ្យ​បានល្អប្រសើរដោយប្រកាន់ភ្ជាប់នូវ​ទំនៀម​ទម្លាប់ ប្រពៃណីរបស់ខ្មែរយើង។

ក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្ត្រី សាយ បូរិន បានអំពាវនាវ​ដល់​ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋនិមន្តនិងអញ្ជើញ ទៅលេងកម្សាន្ត​និង​មើលដោយផ្ទាល់ពីការអភិវឌ្ឍ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ក្នុង​ខេត្តភាគឦសាន៕
ដោយ៖ នុត នាង

ads banner