រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់ពលរដ្ឋដែលបានធ្វើសំណង់ផ្សេងៗ​នាំឱ្យរាំងស្ទះដល់មាត់លូបង្ហូរទឹករុះរើចេញ

ស្វាយរៀង៖ លោកសរ សុដានី អភិបាលរងខេត្តស្វាយរៀងនៅ​ព្រឹក​ថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២៤បានដឹកនាំក្រុមការងារ​មន្ទីរ​សាធារណការ និងដឹកជញ្ជូនខេត្ត ក្រុមការងារក្រុងស្វាយរៀង ក្រុមការងារសង្កាត់​ស្វាយរៀង ចុះពិនិត្យផ្ទាល់អំពីស្ថានភាពលូ​បង្ហូរ​ទឹកនៅអមសងខាង​ផ្លូវនានាក្នុងក្រុងស្វាយរៀងដើម្បីបញ្ជៀសការកកស្ទះលូ។

លោកសរ សុដានី អភិបាលរងខេត្តស្វាយរៀងបានឱ្យដឹងថា ក្រោមការ​យកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល​ខេត្ត ក្រុមការងារបានពិនិត្យឃើញថាមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានចូលរួមថែររក្សាមាត់លូបានល្អមិនមានចាក់លុបបិទ រឺមានសំរាមកកស្ទះ​ឡើយ។ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋមួយចំនួនធំបានចាក់សាប​បេតុង​លុបមាត់លូដោយដាក់​បំពង់ជ័រតូចៗ​ខុស​ពីស្ថានភាពដើម ដែលក្រុម​ការងារបច្ចេកទេសបានកសាងធ្វើឱ្យមានការកកស្ទះមិនអាចឱ្យទឹកហូរចូលលូបង្ហូរទឹកធំបាន។ ទាំងនេះ​ហើយដែលជាកក្តានាំឱ្យមានការ​ជាន់លិច​ដោយសារទឹកភ្លៀងរយៈពេលយូរដែលធ្វើឱ្យប៉ះពាល់​ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

លោកអភិបាលរងខេត្តស្វាយរៀងបានបន្ថែមថាក្នុងនាមរដ្ឋបាលខេត្តសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានធ្វើសំណង់ផ្សេងៗដែលនាំឱ្យរាំងស្ទះដល់មាត់លូបង្ហូរទឹកសូមមេត្តាចូលរួមជាមួយក្រុមការងាររុះរើឱ្យបានគ្រប់ៗគ្នាមុនពេលដែលក្រុមការងារចុះអនុវត្តវិធានការរដ្ឋបាល។

លោកថា សូមចាប់ផ្តើមពីខ្លួនយើងដើម្បីជាគំរូល្អ ដើម្បីចូលរួមអភិវឌ្ឍន៍​ខេត្តយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
ដោយ៖នុត នាង

ads banner