អភិបាលស្រុកតាំងគោក និងព្រះគ្រូចៅអធិការវត្តគុហនគរនាំយកអំណោយទៅចែកជូនជនចាស់ជរា៥៥គ្រួសារ
កំពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំង និងព្រះគ្រូសីលមុនីវង្ស តុន ពិសី ព្រះគ្រូចៅអធិការវត្តគុហនគរនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចុះសួរសុខទុក្ខចែកអំណោយសប្បុរសធម៌ដល់លោកយាយលោកតាទីទ័លក្រចំនួន៥៥គ្រួសារ មកពី៧ភូមិនៃឃុំពង្រ ស្រុកតាំងគោក។អំណោយមាន អង្ករ មី ទឹកស៊ីអ៊ីវ ឃីត១ឈុត និងថវិកាមួយចំនួន។
ព្រះគ្រូសីលមុនីវង្ស តុន ពិសី ព្រះគ្រូចៅអធិការវត្តគុហនគរសម្ដែងនូវទឹកព្រះទ័យសប្បាយរីករាយ ដែលឃើញថ្នាក់ដឹកនាំស្រុកយកចិត្តទុក្ខដាក់ដឹងសុខទុក្ខប្រជាពលរដ្ឋក្នុងស្រុកតាំងគោក ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ លោកតែងតែចុះជាប់ជាមួយប្រជាពលរដ្ឋជានិច្ច។ ព្រះអង្គមានមោទនភាពដោយបានលោកអភិបាលតែងតែលើកទឹកចិត្ត និងផ្តល់ទំនុកចិត្តដល់ព្រះអង្គក្នុងការកៀរគរសប្បុរសជន ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ និងចូលរួមអភិវឌ្ឍន៍របស់ស្រុកតាំងគោក។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោកក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម ថោង ខុន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក ព្រមទាំងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លោកតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ លោកតែងតែដាស់តឿន និងផ្តល់ជាគំនិតឱ្យថ្នាក់ដឹកនាំភូមិ ឃុំ ស្រុក ចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានតាមផ្ទះចុះទៅសួរសុខទុក្ខ ហើយដឹងពីការលំបាកពីការសប្បាយ ពីសំណូមពរ ពីតម្រូវការទាំងឡាយរបស់ពួកគាត់ ដែលទាមទារឲ្យមន្ត្រីនៅមូលដ្ឋានគ្រប់ថ្នាក់ដឹងឮ និងរួមគ្នាក្នុងការដោះស្រាយ៕
ដោយ៖ប៊ុន រដ្ឋា