កម្ពុជា និងកាណាដា ស្វែងរកឱកាសដើម្បីពង្រឹងទំនាក់ទំនង
(ភ្នំពេញ)៖ កម្ពុជា និងកាណាដា បានពិភាក្សាគ្នាអំពីមធ្យោបាយ ដើម្បីជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអាស៊ាន អំឡុងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសទាំងពីរ ដែលធ្វើជាសហប្រធានដោយ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម អាឡិន បូមែន អគ្គនាយក ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេសកាណាដា នៅទីក្រុងអូតាវ៉ា នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។
ភាគីទាំងពីរ បានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការ បច្ចុប្បន្ន និងបានរំលេចអំពីសកម្មភាព ដែលនឹងត្រូវ តាមដានបន្ត លើវិស័យមួយចំនួន ដែលរួមមាន ពាណិជ្ជកម្ម និងវិនិយោគ ការដោះមីន កិច្ចការកុងស៊ុល និងទេសចរណ៍ ហ្វ្រង់កូហ្វូនី និងបានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធបន្ថែមទៀត ក្នុងនាមជា«ដៃគូមានទំនុកចិត្ត»។ ភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-កាណាដា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង អាស៊ាន-កាណាដា ក៏ត្រូវបានលើកមកពិភាក្សាផងដែរ ។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានេះ ឯកឧត្តម វែលដុន អេប ឧបការីរងរដ្ឋមន្ត្រី ការបរទេសទទួលបន្ទុកកិច្ចការ ឥណ្ឌូ-ប៉ាស៊ីហ្វិក នៃ ក្រសួងការបរទេស កាណាដា បានជម្រាបជូន ឯកឧត្តម រដ្ឋលេខាធិការ អំពីយុទ្ធសាស្ត្រ ឥណ្ឌូ- ប៉ាស៊ីហ្វិក របស់ កាណាដា។
បន្ថែមលើនេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាជាមួយ លោកជំទាវ សាន់ដ្រា ម៉ាកស៏ខាលដល អនុរដ្ឋមន្ត្រីការបរទេសកាណាដា អំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាប្រយោជន៍ និងកង្វល់រួម អំឡុងពេលអាហារថ្ងៃត្រង់ ដែលរៀបចំដោយលោកជំទាវ ។
គួរកត់សម្គាល់ផងដែរថា ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងលោក គឹម ចាន់ភិរម្យ កុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ក៏បានចូលរួម ជាមួយគណប្រតិភូកម្ពុជា ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ខាងលើផងដែរ ៕
ដោយ ៖ សួង ពិសិដ្ឋ