ក្រសួងបរិស្ថានរៀបចំថ្នាល់បណ្ដុះកូនឈើថ្នាក់តំបន់មានសមត្ថភាពបណ្តុះបាន ១លានដើម ក្នុងមួយឆ្នាំ ក្នុងខេត្តត្បូងឃ្មុំ បំពាក់ដោយប្រព័ន្ធស្រោចស្រពប្រើថាមពលពន្លឺព្រះអាទិត្យ
(ត្បូងឃ្មុំ)៖ ក្រសួងបរិស្ថានរៀបចំថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់លើទំហំដីជាង៣ហិកតាក្នុងខេត្តត្បូងឃ្មុំ ដែលមានសមត្ថភាពបណ្តុះបាន ១លានដើម ក្នុងមួយឆ្នាំ ដើម្បីជំរុញការដាំដុះដើមឈើឲ្យបានច្រើន គ្រាដែលក្នុងផែនការគ្រោងដាំស្តារព្រៃឈើឡើងវិញ ឲ្យបាន៥លានហិកតាបន្ថែមទៀត ក្នុងរយៈ ពេល២៥ឆ្នាំខាងមុខ ពោលគឺធ្វើយ៉ាងណាដាំដើមឈើឡើងវិញ ឲ្យបាន១១លានហិកតា ឬ ៦០ ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា នៅត្រឹមឆ្នាំ២០៥០ ។
ថ្នាលបណ្តុះកូនឈើទី១នេះ ស្ថិតក្នុងចម្ការកៅស៊ូពាមជាំង ភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ ដោយទទួលបានការគាំទ្រថវិកាពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា។
ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ ខេត្តត្បូងឃ្មុំ នៅថៃ្ងទី៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ថ្នាលបណ្តុះកូនឈើទី១នេះ ជាការបោះជំហានមួយពោរពេញដោយថាមពល បន្ទាប់ពីមានការចូលរួមពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលនឹងបោះជំហានទៅកាន់ខេត្តចំនួន៤ទៀត គឺមណ្ឌលគិរី សៀមរាប កំពង់ស្ពឺ និងកោះកុង។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា «ការដាំដើមឈើ ក៏ជាការដាក់ទុនមួយផងដែរនៅក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការជំរុញការលើកកម្ពស់អព្យាក្រឹតកាបូន»។ ឯកឧត្តមបានស្នើUNDP ជួយរៀបចំថ្នាលបណ្តុះកូនឈើនេះបន្តទៀត ដើម្បីរួមចំណែកដល់ការចូលរួមចំណែកដាំដើមឈើឡើងវិញឲ្យបានច្រើនសំដៅ កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងធ្វើឲ្យកម្ពុជាមានភាពបៃតងស្រស់ស្អាត។ ជាមួយគ្នានេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាដាំដើមឈើដាំឲ្យបានច្រើន ក៏ដូចជាជួយថែរក្សា និងកុំកាប់ដើមឈើ ដើម្បីទុកជាម្លប់ និងខ្យល់សម្រាប់ដកដង្ហើម។
លោកស្រី Alissar Chaker តំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅកម្ពុជា បានថ្លែងថា UNDP គាំទ្រកិច្ចខិតខំប្រឹងប្រែងដែលកំពុងតែអនុវត្តក្រោមយុទ្ធសាស្ត្រស្តារព្រៃឈើជាតិឡើងវិញ ដែលមានគោលបំណងដាំដើមឈើចំនួន១លានដើម ក៏ដូចជាអនុសាសន៍ក្នុងគោលនយោបាយការចូលរួមចំណែក ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីការប្រែប្រួលអាកាសធាតុ (NDC) និងគោលដៅអព្យាក្រឹតកាបូន។
លោកស្រី បញ្ជាក់ថា «UNDP បានគាំទ្ររាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ក្នុងការបង្កើតគោលនយោបាយ និងក្របខណ្ឌសំខាន់ៗ ដូចដែលបានរៀបរាប់ខាងលើ សម្រាប់ការអនុវត្តរបៀបវារៈអាកាសធាតុរបស់ជាតិ និងបន្តការរួមចំណែកចំពោះមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការសម្រេចបានគម្របព្រៃឈើចំនួន៦០ភាគរយ នៅឆ្នាំ២០៥០»។
កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុនកូកា- កូឡាកម្ពុជា បានសម្តែងមោទកភាព ដែលបានចូលរួមចំណែកជាផ្នែកមួយនៃគម្រោងនេះ តាមរយៈការផ្តល់ជូនប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យបំពាក់នៅទីតាំងថ្នាលបណ្តុះកូនឈើ ពោលគឺប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលកាត់បន្ថយការបំពុលបរិស្ថាន ដើម្បីបណ្តុះកូនឈើ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថានទាំងភាពស្អាត ភាពបៃតង និងចីរភាព។ កញ្ញា បានថ្លែងថា ការរៀបចំនាថ្ងៃនេះ ក៏ជាសក្ខីភាពនៃភាពជាដៃគូដ៏រឹងមាំរវាងក្រសួងបរិស្ថាន ភ្នាក់ងារ UNDP និងវិស័យឯកជន។ លើសពី ភាពជាដៃគូ ស្ថានីយ៍នេះ សបញ្ជាក់ពី កិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់អនាគតបៃតង និងប្រកបដោយចីរភាពសម្រាប់កម្ពុជាផងដែរ។
សូមបញ្ជាក់ថា នៅ ដំណាច់ ឆ្នាំ នេះ ខេត្ត ចំនួន ៤ផ្សេង ទៀត គឺ ខេត្ត កោះកុង កំពង់ស្ពឺ សៀមរាប និង មណ្ឌលគិរី នឹង បន្តអនុវត្ត ដូចគ្នាដែរ។ ការងារដែលកំពុងដំណើរការរួមមានការវាយតម្លៃជ្រើសរើសទីតាំងសមស្រប ដើម្បីបង្កើតស្ថានីយ៍បណ្តុះកូនឈើ ការរៀបចំផែនការមេ និងការរចនានៃស្ថានីយ៍ ដែលរួមបញ្ចូលនូវ គ្រប់លក្ខខណ្ឌ ចីរភាព ការប្រើប្រាស់ផ្ទាំងសូឡាពន្លឺព្រះអាទិត្យសម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹក និងថាមពល៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា