កើនឡើងត្រីបាឡែន និងត្រីដូហ្វីន ជាប់គាំងនៅឆ្នេរសមុទ្រតៃវ៉ាន់
តៃប៉ិ៖ អ្នកស្ម័គ្រចិត្ដជនជាតិតៃវ៉ាន់បានប្រមូលផ្តុំគ្នាជុំវិញត្រីបាឡែនដ៏ធំមួយក្បាល ដើម្បីសិក្សាស្វែងយល់ និងរៀនសូត្រពីរបៀបជួយសង្គ្រោះថនិកសត្វសមុទ្រ នៅពេលពួកវាជាប់គាំងខ្លួននៅតាមឆ្នេរទូទាំងកោះនេះ។
ជារៀងរាល់ឆ្នាំ ត្រីបាឡែន និងត្រីដូហ្វីនជាង ១០០ក្បាល តែងតែហែលមកជាប់គាំងខ្លួននៅតាមឆ្នេរកោះតៃវ៉ាន់ តួលេខនេះត្រួវបានគេរាយការណ៍ថា មានការកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវ។
នៅពេលប្រទះឃើញត្រីបាឡែន និងត្រីដូហ្វីន ជាប់គាំងខ្លួននៅឆ្នេរសមុទ្រ អ្នកស្ម័គ្រចិត្តដែលទទួលបានការបណ្តុះបណ្តាលនាពេលថ្មីៗនេះ ដែលគ្រប់គ្រងដោយសមាគមតៃវ៉ាន់ Cetacean (TCS) បានប្រាប់សាធារណជនទូទៅ មិនឱ្យរុញថនិកសត្វនេះចូលទៅក្នុងសមុទ្រវិញទេ ប៉ុន្តែត្រូវរាយការណ៍ទៅកាន់ឆ្មាំឆ្នេរសមុទ្រភ្លាមៗ ជាមួយនឹងទីតាំងច្បាស់លាស់របស់ពួកវា។
បន្ទាប់មក ឆ្មាំឆ្នេរសមុទ្រនឹងធ្វើការជាមួយក្រុមការងារដទៃទៀត មានដូចជា TCS នៅក្នុងប្រតិបត្តិការសង្គ្រោះបន្ទាន់ ដែលជារឿយៗ ក៏រួមបញ្ចូលទាំងអ្នកស្ម័គ្រចិត្តដែលបានទទួលការបណ្តុះបណ្តាល។
លោក Yang Wei-cheng អ្នកជំនាញផ្នែកអភិរក្សសត្វនៅសកលវិទ្យាល័យជាតិតៃវ៉ាន់ បាននិយាយថា តៃវ៉ាន់បានចាប់ផ្តើមរាយការណ៍អំពីការកើនឡើងនៃសត្វត្រីបាឡែន និងត្រីដូហ្វីន ជាប់គាំងខ្លួននៅឆ្នេរសមុទ្រចាប់តាំងពីឆ្នាំ ២០១៦ នៅពេលដែលថនិកសត្វចំនួន៩០ក្បាល ត្រូវបានគេរកឃើញជាប់គាំងនៅច្រាំងសមុទ្រ ពោលគឺកើនឡើងពីពីរបីឆ្នាំមុនៗ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកបានចង្អុលកំហុសទៅលើការផ្លាស់ប្តូរបរិស្ថានមានដូចជាការកើនឡើងនៃសីតុណ្ហភាពទឹកសមុទ្រ និងសកម្មភាពមនុស្សដែលបង្កឱ្យមានសំឡេងរំខាន និងការបំពុលផ្សេងៗ ដែលជាមូលហេតុនាំឱ្យកើនឡើងបែបនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា