លោកជំទាវ ជា សុីណា ឃួង ស្រេង ៖ ត្រូវចៀសវាងជាដាច់ខាតការសាកល្បង ឬ ការប្រើប្រាស់ឧបករណ៍ បារីអេឡិចត្រូនិច
(ភ្នំពេញ)៖ លោកជំទាវ ជា សុីណា ឃួង ស្រេង ប្រធាន ក្រុម ប្រឹក្សា សមាគម កាយឫទ្ធិ នារី កម្ពុជា សាខា រាជធានី ភ្នំពេញ នាព្រឹកថ្ងៃអាទិត្យទី០៨ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី “បិទកម្មវិធីអប់រំ ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ បារីអេឡិចត្រូនិចលើសុខភាព”ដែលពិធីនេះត្រូវបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ។
គោលបំណងនៃកម្មវិធីនេះ គឺចង់ឱសិក្ខាកាមដែលជាសមាជិកាសកម្ម សមាជិកគាំទ្រ សមាគម កាយឫទ្ធិ នារី កម្ពុជា បានយល់ដឹងពីនិយមន័យ និងចំណាត់ថ្នាក់គ្រឿងញៀន យល់ដឹងពីកត្តាជំរុញឱ្យមានការប្រើប្រាស់គ្រឿងញៀន យល់ដឹងពីបារីអេឡិចត្រូនិក និងផលប៉ះពាល់ ជាមួយនិងការយល់ដឹងពីវិធានការបង្ការ និងទប់ស្កាត់។
ក្នុងឱកាសនោះលោកជំទាវ ជា ស៊ីណា ឃួង ស្រេង បានមានប្រសាសសន៍លើកឡើងថា៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា តែងតែ គិតគូរអំពីសុខទុក្ខ និងសេចក្តីនឹករលឹក គ្រប់ពេលវេលា គ្រប់ទីកន្លែង ស្របតាមបុព្វហេតុរួម គឺ “កម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារី និងយុវតីកម្ពុជា” ។
លោកជំទាវបន្តថា ៖ ការរៀបចំកម្មវិធីអប់រំ ស្តីពីផល ប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិចលើសុខភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញនាពេលនេះមានគោលបំណង បញ្ជាបការយល់ដឹងជាសាធារណៈជូនដល់ក្មួយៗសិស្សានុសិស្ស ក្មួយៗ កុមារី-យុវតី និងកាយឫទ្ធិនារីកម្ពុជា សម្រាប់ជាចំណេះដឹងបន្ថែមអំពី ផលប៉ះពាល់ និងគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់ផលិតផលនេះ ព្រមទាំងវិធីសាស្ត្រថ្មីៗក្នុងការទប់ស្កាត់ការប្រើប្រាស់ និងចែកចាយ ពិសេសត្រូវរួមគ្នាផ្សព្វផ្សាយបន្តទៅដល់ក្រុមគ្រួសារសាច់ញាត្តិ និងមិត្តភក្តិ ដើម្បីកុំអោយអ្នកទាំងនោះ ប្រើប្រាស់ឧបករណ៍ទាំងនេះ។
ជាការពិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette) បាននឹងកំពុងរីករាលដាលក្នុងចំណោមយុវវ័យនៃបណ្តា ប្រទេសក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាយើងផងដែរ ដោយពួកគេ ផ្តើមចេញពីការសាកល្បងប្រើប្រាស់តៗគ្នា និងនិយមប្រើប្រាស់បង្អួត ភាពសង្ហាទាន់សម័យ រហូតមានយុវជនខ្លះ ឈ្លក់វង្វេងប្រើប្រាស់ បោះបង់ ចោលការសិក្សា បង្កហានិភ័យដល់គ្រួសារ និងសង្គមជាតិគួរឱ្យព្រួយបារម្ភ។
លោកជំទាវបន្តថា ក្មួយៗ ត្រូវចៀសវាងជាដាច់ខាតការសាកល្បង ឬ ការប្រើប្រាស់ឧបករណ៍ទាំងនេះ ទោះបីមានការបង្ខំ ឬ អូសទាញពីជនណាក៏ដោយ។
ការប្រើប្រាស់ឧបករណ៍ទាំងនេះ មិនត្រឹមតែបានធ្វើ ឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ក្មួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអំពើខុសច្បាប់ ដែលត្រូវប្រឈមមុខ នឹងទោសពន្ធនាគារ ថែមទៀតផង៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ