ឯកឧត្តម ឌិត ទីណា ៖ ការងារអន្តរស្ថាប័ន ទាំងរដ្ឋ និងវិស័យឯកជន ទាមទារឲ្យមានការសហការគ្នាល្អ កសាងទំនុកចិត្តជាមួយគ្នា
(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ក្រុម ក) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា ការងារអន្តរស្ថាប័នទាំងរដ្ឋ និងវិស័យឯកជន ទាមទារឲ្យមានការសហការគ្នាល្អ កសាងទំនុកចិត្តជាមួយគ្នា ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា វិភាគវាយតម្លៃឱ្យបានច្បាស់លាស់ និងមានផលប្រយោជន៍រួមជាលក្ខណៈសេដ្ឋកិច្ច និងធានានូវសន្តិសុខស្បៀង។
អង្គប្រជុំនេះ មានរបៀបវារៈចំនួន ៣សំខាន់ រួមមាន៖ ការគ្រប់គ្រងផលវារីវប្បកម្មក្នុងស្រុក និងនាំចូល ការបង្កើតគណៈកម្មាធិការទ្រទ្រង់វិស័យវារីវប្បកម្ម និងការស្នើសុំទិន្នន័យផ្នែកចិញ្ចឹមក្នុងវិស័យកសិកម្ម។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាពក្នុងការបង្កើតឲ្យមានក្រុមការងារចំពោះកិច្ច ដោយកំណត់ទិសដៅ ជាផែនការយុទ្ធសាស្រ្តវាយតម្លៃប្រភេទត្រី ពូជត្រី តម្រូវការក្នុងស្រុកនិងការនាំចូល ការលើកកម្ពស់វារីវប្បកម្ម ស្ថេរភាពនៃការផ្គត់ផ្គង់ និងសិក្សាពីឧត្តមភាពសេដ្ឋកិច្ចពូជត្រីដែលមានភាពចំនេញក្នុងទីផ្សារ។
លើសពីនេះ ឯកឧត្តម បានគូសបញ្ជាក់ថាក្រុមការងារខាងលើនេះ ត្រូវមានការចូលរួមពីអន្តរក្រសួងពាក់ព័ន្ធ វិស័យឯកជនដែលមានជាតំណាងវារីវប្បករ សហគមន៍នេសាទ អ្នកនាំចូលផលិតផលជលផល ដោយកំណត់តួអង្គឲ្យបានច្បាស់លាស់។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ការកសាងទំនុកចិត្តគឺជាកត្តាសំខាន់ដែលត្រូវមានភាពជាដៃគូទាំងរដ្ឋ និងវិស័យឯកជន ព្រមទាំងសហការជាមួយគម្រោងនានា ដោយត្រូវមានផែនការច្បាស់លាស់ ហើយក្រសួងនឹងជួយគាំទ្របន្ថែមផ្នែកបច្ចេកទេស ការស្រាវជ្រាវពូជត្រី ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ក្នុងទីផ្សារ ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច និងមានភាពចំនេញដល់អ្នកចិញ្ចឹម៕
ប្រភព ៖ ក្រសួងកសិកម្ម