ព្យុះទីហ្វុង Yagi សម្លាប់មនុស្ស ៩នាក់ និងបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរនៅវៀតណាម
ហាណូយ៖ ព្យុះទីហ្វុង Yagi បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បន្ទាប់ពីបានបោកបក់ឆ្លងកាត់ភាគខាងត្បូងប្រទេសចិន និងហ្វីលីពីន។
ព្យុះទីហ្វុង Yagi បានបោកបក់បំផ្លាញដំបូលអគារ ពន្លិចទូក និងបង្កការរអិលបាក់ដីនៅក្នុងប្រទេសវៀតណាម ហើយថែមទាំងបណ្តាលឲ្យមនុស្ស ៩នាក់បានស្លាប់ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ។
ព្យុះទីហ្វុងដ៏កំណាចដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងផ្តួលរលំដើមឈើអស់ជាច្រើននេះ បានវាយប្រហារភាគខាងជើងប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍ ជាមួយនឹងកម្លាំងខ្យល់បោកបក់លើសពី ១៤៩គីឡូម៉ែត្រក្នុងមួយម៉ោង។
តំបន់ជាច្រើននៃទីក្រុងកំពង់ផែ Hai Phong ត្រូវបានទឹកជន់លិចប្រហែលកន្លះម៉ែត្រ កាលពីថ្ងៃអាទិត្យម្សិលមិញ ហើយអគ្គិសនីបានដាច់ជាបណ្តោះអាសន្ន ដោយសារតែខ្សែភ្លើង និងបង្គោលអគ្គិសនីបានរងការខូចខាតធ្ងន់ធ្ងរ នេះបើយោងតាមអ្នកសារព័ត៌មាន AFP។
នៅឯឈូងសមុទ្រ Ha Long ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ អ្នកស្រុកក្នុងតំបន់បានឱ្យដឹងថា យ៉ាងហោចណាស់ទូកនេសាទចំនួន២៣គ្រឿងបានរងការខូចខាតធ្ងន់ធ្ងរ ឬលិចទៅក្នុងទឹកសមុទ្រតែម្តង។
មុនពេលវាយលុកប្រទេសវៀតណាម ព្យុះទីហ្វុង Yagi បានបោកបក់ឆ្លងកាត់ភាគខាងត្បូងប្រទេសចិន និងហ្វីលីពីន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា