លក់លែងដាច់! Audi ពិចារណាបិទរោងចក្រផលិតឡានអគ្គិសនីនៅប៊ែលហ្ស៊ិក
ព្រុចសែល៖ សហជីពមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីក្រុមហ៊ុន Audi Brussels បានប្រកាសថា ខ្លួនគ្មានគម្រោងផលិតរថយន្តម៉ូដែលដ៏ទំនើបនៅក្នុងរោងចក្រ Forest នៃទីក្រុងព្រុចសែល លើសពីឆ្នាំ ២០២៥ឡើយ។
រោងចក្រដែលក្រុមហ៊ុន Audi គ្រោងបិទទ្វារនោះ ជាទីតាំងផលិតរថយន្តអគ្គិសនីលំដាប់កំពូល គឺ Q8 e-tron SUV ប្រចាំប្រទេសប៊ែលហ្ស៊ិក។ មូលហេតុនៃការសម្រេចចិត្តបែបនេះ កើតឡើងចំពេលតម្រូវការធ្លាក់ចុះ និងតម្លៃផលិតកម្មខ្ពស់ ទើបធ្វើឱ្យជោគវាសនារោងចក្រនេះ ស្ថិតក្នុងភាពស្រពិចស្រពិល។
ហើយការសម្រេចចិត្តនេះទៀតសោត ក៏ជាផ្នែកមួយនៃផែនការសន្សំថវិការបស់ក្រុមហ៊ុន Audi ខណៈដែលក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់មួយនេះ បាននឹងកំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីខាងក្រៅប្រទេសអឺរ៉ុប ក្នុងនោះមានដូចជា BYD របស់ចិនជាដើម។
ស្របពេលជាមួយគ្នានោះដែរ បុគ្គលិកបម្រើការងារក្នុងរោងចក្រនេះផ្ទាល់ប្រមាណ ៣,០០០នាក់ រួមទាំងអ្នកម៉ៅការបន្តរាប់រយនាក់ បានប្រឈមមុខនឹងការបញ្ឈប់ពីការងារ។
ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen ដែលគ្រប់គ្រងម៉ាកយីហោ Audi នៅក្នុងសប្តាហ៍នេះ បានប្រកាសថា ខ្លួនកំពុងពិចារណាបិទរោងចក្រជាច្រើននៅក្នុងប្រទេសអាល្លឺម៉ង់ ដែលនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្នុងរយៈពេល ៨៧ឆ្នាំ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Volkswagen លោក Oliver Blume បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនផលិតរថយន្តថ្មីៗកំពុងរុញឡានទំនើបៗរបស់ពួកគេវាយលុកចូលទីផ្សារទ្វីបអឺរ៉ុប ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តនៅអាល្លឺម៉ង់កំពុងធ្លាក់ចុះខ្លាំង ដោយសារតែការប្រកួតប្រជែងពីខាងក្រៅ៕ ប្រភព៖ Euronews ប្រែសម្រួលដោយ៖ ឈឹម ទីណា