ប្រមុខការទូតអាមេរិកទៅអង់គ្លេស ពិភាក្សាអំពីសង្គ្រាមអ៊ុយក្រែន និងមជ្ឈិមបូព៌ា
វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេសនៅសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាអំពីបញ្ហាជម្លោះនៅតំបន់មជ្ឈិមបូព៌ា និងអ៊ុយក្រែន។
ដំណើរទស្សនកិច្ចរបស់លោក ប្លីងគែន ទៅកាន់ទីក្រុងឡុងដ៍ នៅក្នុងថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍ក្រោយនេះ នឹងធ្វើឱ្យលោកក្លាយជាមន្ត្រីជាន់ខ្ពស់អាមេរិកដំបូងគេ ចាប់តាំងពីគណបក្សការងាររបស់លោក ស្តាមើ បានឈ្នះការបោះឆ្នោតនាយករដ្ឋមន្រ្តីអង់គ្លេសកាលពីខែកក្កដា ដោយបានបិទបញ្ចប់ការគ្រប់គ្រងរយៈពេល ១៤ឆ្នាំនៃគណបក្សអភិរក្សនិយម។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា លោក ប្លីងគែន នឹងចូលរួមក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រ ដើម្បីបញ្ជាក់ឡើងវិញនូវទំនាក់ទំនងពិសេសរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
លោក Miller បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ប្លីងគែន នឹងពិភាក្សាអំពីបញ្ហានៅអាស៊ី មជ្ឈិមបូព៌ា និង កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងប្រទេសទាំងពីរ ដើម្បីគាំទ្រអ៊ុយក្រែន។
ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានសហការគ្នាក្នុងការដោះស្រាយលើបញ្ហាសកលជាច្រើន ហើយបើយោងតាមប្រវត្តិសាស្ត្រ គណបក្សប្រជាធិបតេយ្យរបស់លោក បៃដិន ត្រូវបានគេមើលឃើញថា មានភាពជិតស្និទ្ធនឹងគណបក្សការងារជាងគណបក្សអភិរក្ស។
ទោះជាយ៉ាងណាក៏ដោយ លោក Starmer បានប្រកាន់ជំហរកាន់តែតឹងរ៉ឹងលើអ៊ីស្រាអែល ចាប់តាំងពីចូលកាន់តំណែង ដោយរដ្ឋាភិបាលរបស់គាត់បានប្រកាសពីការផ្អាកការដឹកជញ្ជូនអាវុធមួយចំនួន ដោយលើកឡើងពីហានិភ័យដែលអាវុធទាំងនោះអាចត្រូវបានគេប្រើប្រាស់ដើម្បីបំពានច្បាប់មនុស្សធម៌។
ជុំវិញបញ្ហានេះដែរ សហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់សព្វាវុធចម្បងរបស់អ៊ីស្រាអែល មិនបានរិះគន់ការសម្រេចចិត្តបែបនេះរបស់អង់គ្លេសទេ ដោយនិយាយថា ទីក្រុងឡុងដ៍មានដំណើរការផ្ទាល់ខ្លួន ដើម្បីធ្វើការវាយតម្លៃ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា