ភ្លើងឆេះព្រៃដ៏ធំលេបត្របាក់ប្រទេសអាល្លឺម៉ង់
ប៊ែរឡាំង : ភ្លើងឆេះព្រៃដ៏ធំមួយ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា បាននឹងកំពុងវាយប្រហារប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍។
ក្រុមអ្នកពន្លត់អគ្គីភ័យ និងកងយន្តហោះទម្លាក់ទឹក បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាភ្លើងឆេះព្រៃដ៏ធំមួយនៅលើភ្នំនៃភាគកណ្តាលប្រទេសអាល្លឺម៉ង់ ដែលបានបង្ខំឱ្យមានការជម្លៀសមនុស្សរាប់រយនាក់។
ភ្លើងឆេះព្រៃជាច្រើនបានចាប់ផ្តើមឆាបឆេះនៅលើភ្នំ Harz ចាប់តាំងពីថ្ងៃសុក្រ ហើយនៅពេលល្ងាច ពួកវាបានរួមគ្នាបង្កើតជាភ្លើងឆេះព្រៃដ៏ធំមួយ។
អាជ្ញាធរទីក្រុង Harz នៃរដ្ឋ Saxony-Anhalt បានឱ្យដឹងថា អ្នកពន្លត់អគ្គីភ័យប្រហែល ១៥០នាក់ រួមទាំងយន្តហោះ និងឧទ្ធម្ភាគចក្រត្រូវបានដាក់ពង្រាយនៅលើភ្នំ Brocken ហើយតំបន់ជុំវិញនោះត្រូវបានបិទជាបណ្តោះអាសន្ន។
អ្នកឡើងភ្នំ និងអ្នកទេសចរត្រូវបានជំរុញឱ្យចាកចេញពីតំបន់នេះ ហើយទូរទស្សន៍ក្នុងស្រុក NDR បានរាយការណ៍ថា មនុស្សប្រមាណ ៥០០នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាពនៅលើភ្នំដោយឡានក្រុង ចាប់តាំងពីរសៀលថ្ងៃសុក្រ។
កន្លងមក ភ្លើងឆេះព្រៃដ៏ធំមួយបានឆាបឆេះឡើងនៅតំបន់ភ្នំ Harz ក្នុងខែកញ្ញា ឆ្នាំ ២០២២។ អាជ្ញាធរអាល្លឺម៉ង់បានប្រកាសភាពអាសន្ន ហើយអ្នកពន្លត់អគ្គីភ័យរាប់រយនាក់បានពន្លត់ភ្លើងនេះអស់រយៈពេលជាច្រើនថ្ងៃ៕
ប្រភព : AFP ប្រែសម្រួលដោយ: ឈឹម ទីណា