ក្រសួងបរិស្ថានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធចូលរួមគាំទ្រព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍
កំពង់ឆ្នាំង៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍ ព្រោះព្រឹត្តិការណ៍កីឡានេះ បានរួមចំណែកជួយឱ្យសុខភាពយុវជនរបស់យើងរឹងមាំ ផ្សារភ្ជាប់ការផ្សព្វផ្សាយទេសចរណ៍ និងបរិស្ថាន ពិសេស ការផ្តល់ចំណូលជួយដល់សហគមន៍ ។
ការថ្លែងរបស់លើកឡើងរបស់ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍ នៅក្នុង តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងភូមិ ក្តុល ឃុំ ក្តុលសែនជ័យ ស្រុកទឹកផុស ខេត្ត កំពង់ឆ្នាំង។
ឯកឧត្តម អនុរដ្ឋលេខាធិការ បានពន្យល់ថា កីឡាដើម្បីទេសចរណ៍ ជាផ្នែកមួយនៃការកៀគរយុវជនកម្ពុជាឱ្យមកស្គាល់និងស្វែងយល់អំពីធនធានធម្មជាតិ និងរួមចំណែកក្នុងការការពារនូវធនធានធម្មជាតិ មានន័យថា ពួកគាត់បានមកចូលរួមដាំដើមឈើនៅតាមសាលារៀន នៅតាមទីសាធារណៈជាពិសេស ដាំស្តារព្រៃនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ។
ជាមួយគ្នានេះតាមរយៈព្រឹត្តិការណ៍នេះ បាននាំភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកស្គាល់នៅតំបន់ការពារធនធានធម្មជាតិទឹកធ្លាក់ស្រែអំពិលនេះ ដែលផ្តល់នូវចំណូលយ៉ាងសំខាន់ជួយដល់សហគមន៍មូលដ្ឋាន បានន័យថា ប្រជាពលរដ្ឋរស់នៅមូលរដ្ឋានដែលមានសក្កានុពលធនធានធម្មជាតិនោះ មានទឹកជ្រោះ សត្វព្រៃ និងទេសភាពស្អាតៗទទួលបានចំណូលតាមរយៈភ្ញៀវជាតិនិងអន្តរជាតិ ជួយឱ្យពួកគាត់មានមុខរបរ លែងចូលកាប់ព្រៃ និងបរបាញ់សត្វ ដែលពួកគាត់ធ្លាប់យកធ្វើជាមុខរបរសម្រាប់ចិញ្ចឹមជីវិតរបស់គាត់ ងាកមកប្រកបមុខរបរថ្មីគឺការបង្កើនចំណូលតាមរយៈទេសចរណ៍ធម្មជាតិ ការដាំដុះ និងចិញ្ចឹមសត្វធ្វើជាម្ហូមសម្រាប់អ្នកទេសចរណ៍ដែលមកលេងកន្លែងគាត់។ចឹងចំណូលទេសចរណ៍នេះគឺបានចាក់ចូលដល់មូលដ្ឋាន ដែលជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍។
ឯកឧត្តម ខ្វៃអាទិត្យា មានប្រសាសន៍បន្ថែមទៀតថា ព្រឹត្តិការណ៍កីឡាដើម្បីទេសរចណ៍នេះ ក្នុងនាមក្រសួងបរិស្ថាន បានចូលរួមពីរលើកហើយ មើលឃើញថា ការរៀបចំលើកទី២នេះ មានការខុសប្លែកពីលើកមុន មានន័យថា ការចូលរួមរបស់ពួកគាត់ បានជួយឱ្យមានតំបន់បៃតង ដោយមានការបង្កើតកម្មវិធីដាំដើមឈើ និងចូលរួមក្នុងការថែរក្សាបរិស្ថានអនាម័យបានត្រឹមត្រូវ ដោយមានការទុកដាក់សំរាមបានយ៉ាងល្អត្រឹមត្រូវ ពិសេស គឺការវេចខ្ចប់ម្ហូបអាហារ ដោយយកស្លឹកឈូក ស្លឹកចេកជាដើម ដែលជាការចូលរួមកាត់បន្ថយការប្រើប្រាស់នូវថង់ប្លាស្ទីក ដែលបង្កផលប៉ះពល់ខ្លាំងដល់សុខភាព និងបរិស្ថាន។
ទាំងនេះបង្ហាញឱ្យឃើញថា តាមរយៈយុទ្ធនាការរបស់ក្រសួងបរិស្ថានជាបន្តបន្ទាប់ដែលមានប្រជាពលរដ្ឋជាង៩លាន់នាក់យល់ដឹងពីផលប៉ះពាល់ការប្រើប្រាស់ថងប្លាស្ទីកនេះនៃមូលបិទថ្ងៃនេះយើងមិនប្រើប្រាស់ថង់ប្លាស់ស្ទួចទេនោះ បានបញ្ជ្រាបទៅដល់ពួកគាត់ ។ដូច្នោះបានជាធ្វើឱ្យការយល់ដឹងរបស់ពួកគាត់ក្នុងដំណើរកំសាន្តជួយឱ្យពួកគាត់មានការយល់ដឹងពីការប្រើប្រាស់ថងប្លាស្ទីក និងមិនមានការប្រើប្រាស់ថង់ប្លាស្ទីចច្រើនទៀតឡើយ ៕
រូបភាព ៖ មឿង គឹម រ៉ុង
អត្ថបទ ៖ ជាវ ចន្ធូ