សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណ:ប្រតិភូចូលរួមវេទិកាចំណេះដឹង​ពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ រយៈពេល ៥ថ្ងៃ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរទៅកាន់សាធារណៈរដ្ឋកូរ៉េខាងត្បូង ដើម្បីអញ្ជើញចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព» ព្រមទាំងអញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅសាធារណរដ្ឋកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ស្ថាបនិកនៃវេទិកាចំណេះដឹងពិភពលោក សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Journey Towards Coexistence)» ព្រមទាំងអញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀត នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងទៀតថា អញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន រួមមាន លោក អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសំខាន់ៗរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្នុងឱកាសចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥នេះ សម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ «មាគ៌ាឆ្ពោះទៅកាន់សហត្ថិភាព និងវិបុលភាពក្នុងអាស៊ាន»។

វេទិកានេះនឹងមានអ្នកចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងស៊ីនឆន់ សម្តេចតេជោ នឹងមានជំនួបការងារជាមួយ ថ្នាក់ដឹកនាំសាធារណរដ្ឋកូរ៉េ រួមមាន ប្រធានាធិបតី និងប្រធានសភា និងទទួលជួបតំណាងក្រុមហ៊ុនធំៗរបស់សាធារណរដ្ឋកូរ៉េផងដែរ។

សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ខេត្តឃុងសាងបុកដូ ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ដែលរៀបចំដោយសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ និងផ្តល់កិត្តិយសធ្វើបាឋកថាស្តីពី «បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ» ពីប្រទេសដែលហែកហួរដោយសង្គ្រាម និងវាលពិឃាត មកជាប្រទេសជាតិដែលពោរពេញដោយសន្តិភាព ការរួមរស់ជាមួយគា្ន (សហត្ថិភាព) និងការអត់ឱន។

សម្តេចតេជោ និងគណៈប្រតិភូ នឹងអញ្ជើញទស្សនាតំបន់ទេសចរណ៍«បូមុន» និងមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌ពិភពលោកស្យុងយូ នៅក្នុងខេត្តឡុង សាងបុកដូ ។ គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដែលដឹកនាំដោយសម្តេចគេជោ ប្រធានព្រឹទ្ធសភា នឹងធ្វើមាតុភូមិនិវត្តន៍ នៅវេលាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner