សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់សាធារណៈរដ្ឋកូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៥និង២០នាទី ម៉ោងនៅរដ្ឋធានីសេអ៊ូល ត្រូវនឹងម៉ោង១៣និង២០នាទី ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមវេទិកាចំណេះដឹងពិភពលោក (World Knowledge Forum) លើកទី២៥ ក្រោមមូលបទ មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Jounney Towards Coexistence) នៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ០០១ បានធ្វើការចុះចតអាកាសយានដ្ឋាន ទ័ពអាកាសសេអ៊ូល ក្រោមវត្តមាននៃការទទួលបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីថ្នាក់ដឹកនាំរដ្ឋសភាកូរ៉េ ថ្នាក់ដឹកនាំនៃវេទិកាចំណេះដឹងពិភពលោក និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ជាច្រើនរូប។

ដំណើរនៃការអញ្ជើញទៅកាន់សាធារណរដ្ឋកូរ៉េ របស់សម្តេចតេជោប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា គឺឆ្លើយតបតាមការអញ្ជើញរបស់ស្ថាបនិក នៃវេទិកាចំណេះដឹងពិភពលោក។

សម្តេចតេជោ និងថ្លែងសុន្ទរកថាគន្លឹៈពិសេស ទៅកាន់វេទិកា ចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ មាគ៌ាឆ្ពោះទៅរកសហត្ថិភាព និងវិបុលភាពក្នុងអាស៊ាន ។

ក្នុងអំឡុងនៃការស្នាក់នៅទីក្រុងអ៊ីនធន់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងមានជំនួបការងារជាមួយថ្នាក់ដឹកនាំ សាធារណរដ្ឋកូរ៉េ រួមមានប្រធានាធិបតី ប្រធានសភា និងទទួលជួបតំណាងក្រុមហ៊ុនធំៗរបស់សាធារណរដ្ឋកូរ៉េ។

ជាមួយគ្នានេះសម្តេចតេជោនិងបន្តដំណើរបំពេញទស្សនកិច្ចទៅកាន់ខេត្តឃ្យុងសាងបុកដូ ដើម្បីទទួលសញ្ញាបត្របណ្ឌិត កិត្តិយស ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព ដែលរៀបចំដោយសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ ។

នៅក្នុងឱកាសនៃការទទួលសញ្ញាបត្របណ្ដីតកិត្តិយសនោះ សម្តេចតេជោនិងធ្វើបាឋកថាស្តីពី បទពិសោធន៍ របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ ពីប្រទេស ដែលហែកហួរដោយសង្រ្គាម និងវាលពិឃាដ មកជាប្រទេសជាតិ ដែលពោរពេញដោយសន្តិភាព ការរួមរស់ជាមួយគ្នា (សហត្ថិភាព) និងការអត់ឱន។

ជាមួយគ្នានេះសម្តេចតេជោ និងគណៈប្រតិភូ នឹងអញ្ជើញទស្សនា តំបន់ទេសចរណ៍បូមុន និងមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌ពិភពលោក ឃ្យុងយូ នៅក្នុងខេត្តឃ្យុងសាងបុកដូ។

សូមបញ្ជាក់ដែរថា គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានអញ្ជើញអមដំណើរ សម្តេចតេជោប្រធានព្រឹទ្ធសភា អញ្ជើញទៅកាន់សាធារណរដ្ឋកូរ៉េផងដែរ ។

តាមការគ្រោងទូក គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលដឹកនាំដោយសម្តេចគេជោ ប្រធានព្រឹទ្ធសភា នឹងធ្វើមាតុភូមិនិវត្តន៍ នៅវេលាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ ទទក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner