លោក ខេស៊ី បាណេត ៖ ការបង្កើតកម្មវិធីកីឡាកាន់តែច្រើនរបស់ខេមអេដ ជាការឆ្លើយតបនឹងការគាំទ្រលើកទឹកចិត្តរបស់រដ្ឋមន្ត្រីក្រសួងអប់រំ
(ភ្នំពេញ)៖ លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ (CamEd Business School) បានលើកឡើងថា ការប្រកួតកីឡាបាល់ទាត់ហ្វូតសាល ពានរង្វាន់ខេមអេដ (Men’s Futsal Tournament 2024) និងការបន្ថែមប្រភេទកីឡាកាន់តែច្រើនរបស់ខ្លួន គឺជាការឆ្លើយតបនឹងការគាំទ្រ និងការលើកទឹកចិត្តរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យ គ្រឹះស្ថានឧត្តមសិក្សានានា ក្នុងការបញ្ចូលប្រភេទកីឡានៅក្នុងកម្មវិធីសិក្សា។ នេះជាការលើកឡើងរបស់លោក ខេស៊ី បាណេត កាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសបិទការប្រកួតហ្វូតសាល ពានរង្វាន់ខេមអេដ រដូវកាល ២០២៤ នៅទីលាន T-Soccer រាជធានីភ្នំពេញ។
លោក ខេស៊ី បាណេត គូសបញ្ជាក់ថា ៖ «ដោយសារយើងឃើញថា ការលេងកីឡាមានអត្ថប្រយោជន៍ច្រើន ក្នុងការបង្កើនភាពប្រកួតប្រជែង ដោយកាលណាមានការប្រកួតប្រជែងច្រើន និស្សិតរបស់យើងនឹងខិតខំធ្វើការក្រោមសម្ពាធ ចេះធ្វើការជាក្រុម និងប្រឹងប្រែងដើម្បីរកជ័យជម្នះ។ ដូច្នេះ ដើម្បីចង់ឈ្នះ យើងត្រូវបង្កើនបន្ថែមគុណភាពបច្ចេកទេសជាមួយនឹងការខិតខំ ដើម្បីបណ្តុះស្មារតីធ្វើឱ្យកីឡាករជានិស្សិតរបស់យើងទទួលបាននូវបទពិសោធន៍សម្រាប់ជីវិតផងដែរ»។
នាយកវិទ្យស្ថានខេមអេដ លោក ខេស៊ី បាណេត ដែលជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាផងនោះ សង្កត់ធ្ងន់ទៀតថា ៖«នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់នោះ ក៏មានកីឡាករ កីឡាការិនី ដែលជានិស្សិតរបស់វិទ្យាស្ថានខេមអេដមួយចំនួនក៏បានចូលរួមប្រកួត ហើយដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធជូនជាតិផងដែរ។ ដូច្នេះនិស្សិតឧត្តមសិក្សា ជាធនធានមួយ ក្នុងនាមជាតំណាងរបស់ប្រទេសកម្ពុជា សម្រាប់ចូលរួមប្រកួតប្រជែងមេដាយកម្រិតអន្តរជាតិផងដែរ។ ក្នុងស៊ីហ្គេម ២០២៣ កន្លងទៅនេះដែរ កីឡាករ កីឡារិនី ដែលជានិស្សិតរបស់ខេមអេដ ក៏បានឈ្នះមេដាយលើប្រភេទកីឡាការ៉ាតេ យូដូ គុនល្បុក្កតោ។ ដូច្នេះនិស្សិតខេមអេដមានសមត្ថភាព សក្តានុពល ក្នុងការប្រកួតតំណាងឱ្យប្រទេសកម្ពុជា សម្រាប់ភាពជោគជ័យការប្រកួតអន្តរជាតិដែរ»។
ជុំវិញការប្រកួត CamEd Men’s Futsal Tournament 2024នេះ លោក កត់សម្គាល់ថា និស្សិតទាំងអស់ពិតសប្បាយណាស់ ក្នុងការចូលរួមលេងកីឡា ហើយវិទ្យាស្ថាននេះតែងតែបន្ថែមប្រភេទកីឡានានា ក្រៅពីការសិក្សាក្នុងសាលារៀន ដើម្បីបន្ថែមបទពិសោធន៍ផងដែរ ក្នុងការបណ្តុះគំនិតនៃការអប់រំឱ្យពួកគាត់មានអាកប្បកិរិយាល្អ សុខភាពល្អ ដើម្បីឱ្យពួកគេបានបំពេញកាតព្វកិច្ចក្នុងសង្គមជាតិ។ ការប្រកួតនេះមាននិស្សិតចូលរួមជាង ២០០នាក់ ដោយមាន១៩ក្រុមចូលរួមប្រជែងពានរង្វាន់ ខេមអេដ។ បន្ថែមពីលើនេះ ឆ្នាំ២០២៤នេះ ខេមអេដក៏បានបន្ថែមប្រភេទកីឡាមួយចំនួន ដូចជា គុនដាវ វាយសី ហែលទឹកជាដើម ដើម្បីគាំទ្រដល់ការផលិតធនធានសម្រាប់វិទ្យាស្ថានផ្ទាល់ ក៏ដូចជារួមចំណែកផលិតធនធានសម្រាប់ជាតិផងដែរ។
ក្នុងការគាំទ្រសកម្មភាពកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា ខេមអេដបានបញ្ជូលកម្មវិធីកីឡា ដែលមានទាំងកីឡាសម្រាប់បុរស-នារី ដូចជាហ្វូតសាលនេះ រាល់ឆ្នាំមានទាំងបុរសផង និងនារីផង។ ក្រៅពីនេះ ខេមអេដក៏មានកម្មវិធីប្រកួតហ្វឹកហាត់ និងប្រកួតបាល់បោះ វាយកូនឃ្លីលើតុ អត្តពលកម្មជាដើម ។
គួរបញ្ជាក់ថា ការប្រកួត CamEd Men’s Futsal Tournament 2024 បានបញ្ចប់ដោយជោគជ័យ ដោយរកឃើញជ័យលាភី ក្រុមជើងឯក ក្រុម Brotherhood បន្ទាប់ពីបានយកឈ្នះក្រុម Centurion នៅវគ្គប៉េណាល់ទីកាត់សេចក្តី ក្រោយរក្សាបានលទ្ធផលការប្រកួតពេញម៉ោង ១ទល់១។ ដូច្នេះក្រុងជើងឯករង បានទៅលើក្រុម Centurion ខណ:ក្រុមលេខ៣ ក្រុម Royal D ក្រោយឈ្នះក្រុម Toolbox ។ ចំពោះជ័យលាភីឯកត្តជន ស្រោមដៃមាស បានទៅលើកីឡាករ Rath Chandara រីឯកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ គឺកីឡាករ Vuth Lyheng ខណ:ក្រុម Fair Play បានទៅលើ Toolbox Team៕
អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ , ងីម ឆាយហួត