គ.ជ.ប ៖ បញ្ជាក់ពីលទ្ធផលបណ្តោះអាសន្នថ្ងៃទី៨ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤
(ភ្នំពេញ)៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប)បានបញ្ជាក់ពីលទ្ធផលបណ្តោះអាសន្ននៃថ្ងៃទីប្រាំបីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទូទាំងប្រទេសកន្លងមកដោយក្នុងនេះមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២១.៨៨១ នាក់,អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៧.០២០នាក់ ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.បបានឱ្យដឹងដែរថាសម្រាប់អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ២.៣៥៣ នាក់អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៥.៣០៣ នាក់។ លទ្ធផលសរុបរយៈពេល ៨ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតវិញចំពោះប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១០១.៧២២ នាក់,អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៦៨.៨១២ នាក់អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ១៣.៤៧៨ នាក់អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២៦.៩៥០ នាក់។
គួរបញ្ជាក់ថាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ ៥:៣០នាទី។
គ.ជ.បបានឱ្យប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយនៅតាម ឃុំ សង្កាត់ ឬតាមគេហទំព័រ voterlist.nec.gov.kh ឬកម្មវិធីទូរស័ព្ទដៃ (App) NEC KH ។ ប្រសិនបើ ពិនិត្យឃើញថាមានការកត់ត្រាមិនបានត្រឹមត្រូវទៅតាម អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ដែលមាន សុពលភាពទេ សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោតបានផងដែរ៕
ដោយ៖ម៉ាដេប៉ូ