យន្តហោះចុះចតភ្លាមៗ ផ្អើលថាមានគ្រាប់បែកក្នុងបន្ទប់ទឹក

យន្តហោះដឹកមនុស្សជិត២៥០នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Indian Vistara Airlines បានចុះចតបន្ទាន់ នៅអាកាសយានដ្ឋាន ក្នុងទីក្រុង Erzurum នៅភាគខាងកើត ប្រទេសទួកគី ក្រោយពីឃើញសារគំរាមថា មានគ្រាប់បែក នៅក្នុងបន្ទប់ទឹក លើយន្តហោះ។

ការចុះចតដែលគ្មានការគ្រោងទុក ត្រូវបានធ្វើឡើង ភ្លាមៗ អំឡុងជើង
ហោះហើរ Vistara UK 27 ចាកចេញពីទីក្រុង Mumbai ទៅកាន់ទីក្រុង Frankfurt នៃប្រទេសអាល្លឺម៉ង់ បន្ទាប់ពីរកឃើញសំណេរ នៅលើក្រដាសមួយសន្លឹកសរសេរ នៅក្នុងបន្ទប់ទឹក ដោយបានបញ្ជាក់ថា «គ្រាប់បែកនៅលើយន្តហោះ» កាលពីរសៀលថ្ងៃសុក្រ នេះបើតាម រដ្ឋមន្ត្រីមហាផ្ទៃទួកគី លោក Ali Yerlikaya។

យ៉ាងណាមិញ អ្នកដំណើរ ២៣៤នាក់ និងបុគ្គលិកបម្រើសេវាកម្ម ១៣នាក់ ត្រូវបានជម្លៀស ដោយសុវត្ថិភាព ហើយបានចុះចត ដល់គោលដៅ នៅយប់ថ្ងៃដដែល នេះបើតាមលោករដ្ឋមន្ត្រី។

១ថ្ងៃក្រោយមក អភិបាលក្រុង Erzurum លោក Mustafa Ciftci បានអះអាងថា គ្មានគ្រាប់បែកដូចការព្រមាននោះទេ បន្ទាប់ពីបានបិទបញ្ចប់សកម្មភាពស្វែងរក និងពិនិត្យ ចប់សព្វគ្រប់ នេះបើតាមគេហទំព័រ Social News Xyz៕

ប្រភពពី The News Arab ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner