បាក់ស្ពានវៀតណាម មនុស្សនិងឡានធ្លាក់ចូលទន្លេ
ហាណូយ៖ កាសែតវៀតណាម VNexpress បានចេញផ្សាយថា នៅព្រឹកថ្ងៃចន្ទនេះ មានហេតុការណ៍ការបាក់ស្ពានមួយកន្លែង នៅភាគខាងជើង ខេត្ត Phu Tho បណ្តាលឲ្យរថយន្តជាច្រើនគ្រឿងធ្លាក់ចូលទៅក្នុងទន្លេ ខណៈដែលមនុស្ស ជាង១០នាក់បាត់ខ្លួន។
ប្រភពបន្តថា គិតត្រឹម៉ោង១២ថ្ងៃត្រង់ មនុស្ស៤នាក់ត្រូវបានជួយសង្គ្រោះ ខណៈដែលមនុស្ស ១៣នាក់ផ្សេងទៀត បាត់ខ្លួន។ សាក្សីបានរាយការណ៍ថា រថយន្តដឹកទំនិញ និងម៉ូតូ ជាច្រើនគ្រឿង បានធ្លាក់ចូលទឹកទន្លេ ក្នុងពេលកើតហេតុ។
ស្ពាន Phong Chau ដែលលាតសន្ធឹង លើដងទន្លេក្រហម តាមបណ្តោយផ្លូវជាតិលេខ 32C បានបាក់រលំ នៅម៉ោងប្រហែល១០ព្រឹក ដោយបានកាត់ផ្តាច់ រវាងស្រុក Lam Thao និង Tam Nong ឆ្លងកាត់ស្ពាននេះ។
គណៈកម្មាធិការប្រជាជនស្រុក Lam Thao បាននិយាយថា ការបាក់រលំបានកើតឡើង ចំពេលមានអាកាសធាតុធ្ងន់ធ្ងរ និងកម្ពស់ទឹកក្នុងទន្លេឡើងខ្លាំង។
អាជ្ញាធរបានបិទស្ពាន និងបើកការស៊ើបអង្កេត រកមូលហេតុនៃការបាក់ស្ពាន ដែលសភាពទ្រុឌទ្រោម មួយនេះ៕
ប្រភពពី VNepxress ប្រែសម្រួល៖ សារ៉ាត