វិធីងាយៗ៣យ៉ាង ជួយឲ្យឈប់ផឹកស្រា

បរទេស៖ គេហទំព័រផ្តល់ព័ត៌មានសុខភាពរបស់សហរដ្ឋអាមេរិក Healthline បានចែករំលែក ចំណុចមួយចំនួន ដែលអាចជួយអ្នកឈប់ផឹកស្រាបាន ក្នុងនោះ មានបីចំណុច ដែលអាចអនុវត្តងាយៗ និងអាចមានប្រសិទ្ធិភាព រួមមាន៖ សម្គាល់ផលប៉ះពាល់សុខភាពពីគ្រឿងស្រវឹង, ហ៊ាននិយាយអំពីរឿងស្រា ជាមួយមនុស្សជុំវិញខ្លួន ដើម្បីឈប់ផឹក និង ការគ្មានជាតិអាល់កុលនៅក្នុងផ្ទះ។

ទី១៖ ពិនិត្យអំពីផលប៉ះពាល់សុខភាព ពីគ្រឿងស្រវឹង។ ជាតិអាល់កុលអាចប៉ះពាល់ដល់សុខភាពរបស់អ្នក តាមវិធីជាច្រើន សូម្បីតែការផឹកក្នុងកម្រិតមធ្យមក៏ដោយ។ នៅពេលដែលអ្នកផឹកកាន់តែច្រើន អ្នកទំនងជាសម្គាល់ឃើញផលប៉ះពាល់សុខភាពផ្សេង ដូចជា រំខានដំណេក, បញ្ហារំលាយអាហារ, បញ្ហាការចងចាំ, បង្កើនការថប់បារម្ភ, ធ្លាក់ទឹកចិត្ត និងឆាប់ខឹង ព្រមទាំង ការមិនចុះសម្រុងគ្នា និងជម្លោះផ្សេងៗ ជាមួយមនុស្សជាទីស្រលាញ់ ហើយទាំងនេះ ដែលយើងសម្គាល់ រួចសួរខ្លួនឯងថា គូរបន្តឬយ៉ាងណា។

ទី២៖ និយាយអំពីរឿងស្រា ជាមួយមនុស្សជុំវិញខ្លួន ដើម្បីបង្ហាញថា អ្នកចង់បានជម្រើសឈប់ផឹក។ ការធ្វើបែបនេះ អាចជួយជំរុញអ្នក ឱ្យប្រកាន់ខ្ជាប់នូវការសម្រេចចិត្តឈប់ផឹកបាន។ ក្រុមគ្រួសារ និងមិត្តភក្តិអាចផ្តល់ការលើកទឹកចិត្ត និងការគាំទ្រ នៅពេលអ្នកឈប់ផឹក។ អ្នកក៏អាចនិយាយដោយបើកចំហរ អំពីទំនាក់ទំនងរបស់អ្នក ជាមួយនឹងគ្រឿងស្រវឹង ជាមួយនឹងអ្នកដទៃ ដែលមានទម្លាប់ផឹកស្រា ដើម្បីជជែកដេញដោល ឈានទៅបញ្ឈប់ការផឹក។

ទី៣៖ ផ្លាស់ប្តូរបរិយាកាសរបស់អ្នក តាមរយៈការបំបាត់ជាតិអាល់កុល នៅក្នុងផ្ទះ។ គ្រឿងស្រវឹងនៅក្នុងផ្ទះរបស់អ្នក អាចល្បួងអ្នក នៅពេលអ្នកកំពុងព្យាយាមឈប់ ដូច្នេះ ប្រសិនបើអ្នកមានអារម្មណ៍ថា ចង់ផឹកស្រាអ្នកនឹងត្រូវចេញ ទៅទិញអ្វីញុំាផ្សេង ដែលអាចរារាំងអ្នកបានយូរល្មម ហើយបង្អាក់ដល់ការចង់ផឹករបស់អ្នក។ មួយវិញទៀត ស្វែងរកភេសជ្ជៈសម្រាប់ទទួលទាន ដែលអាចជំនួសស្រាបាន ដូចជា ទឹក, សូដារស, តែ និងភេសជ្ជៈ ផ្តល់សុខភាពផ្សេងទៀត។ ចំណុចមួយទៀត រក្សាភាពមមាញឹក ៖ នៅពេលដែលអ្នកមានទំនោរទៅផឹកស្រា ការធ្វើអ្វីផ្សេងទៀត គឺជាវិធីដ៏ល្អបំផុតមួយ ក្នុងការបង្វែរអារម្មណ៍អ្នកពីទម្លាប់ផឹកស្រា។ សកម្មភាពដែលនាំអ្នកចេញពីផ្ទះ និងផ្លាស់ទីជាញឹកញាប់ ជួយបានច្រើនបំផុត៕

ប្រែសម្រួល៖ សារ៉ាត

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner