កម្ពុជា-ហ្វីលីពីន នឹងបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការកងទ័ព

(ភ្នំពេញ)៖ ក្នុងឱកាសនៃជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្ដមសេនីយ៍ Romeo Saturnino Brawner, Jr. នាយសេនាធិការកងទ័ពហ្វីលីពីន បានសម្ដែងនូវមោទភាពជាខ្លាំង​ចំពោះសម្ដេចធិបតីដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តការដ៏ល្អប្រសើររវាងកងទ័ពហ្វីលីពីន-កម្ពុជា ។

ឯកឧត្តម Brawner បានប្ដេជ្ញាចិត្តក្នុងការបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិ​បត្តិការ​រវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការអនុវត្តយន្តការ ដែលមានស្រាប់ និងការដាក់ចេញនូវផែនការសកម្មភាព សម្រាប់កិច្ចសហការ ថ្មីៗបន្ថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងភាពរីករាយ ចំពោះការរីកចម្រើន នៃកិច្ចសហ​ប្រតិ​បត្តិការវាងកងទ័ព កម្ពុជា-ហ្វីលីពីន និងបានថ្លែងអំណរគុណហ្វីលីពីន ដែលបាន​ផ្ដល់ការគាំទ្រដល់កងទ័ពកម្ពុជា នាពេលកន្លងមក ។

សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរ បន្តពង្រឹងនិងពង្រីកកិច្ច​សហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត ដោយផ្តោតជាសំខាន់លើការបណ្ដុះបណ្ដាល ការពង្រឹងសមត្ថភាព ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងលំហាត់រួមគ្នា ។

សម្តេចធិបតី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការ រវាងកងទ័ពក្នុង ការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន និងការគម្រាមកំហែង មិនប្រពៃណីផងដែរ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner