វៀតណាមស្លាប់ព្រោះព្យុះកើនដល់ជាង៦០នាក់

ហាណូយ៖ ចំនួនមនុស្សស្លាប់ដោយសារព្យុះទីហ្វុង Yagi នៅប្រទេសវៀតណាម កើនឡើងដល់ ៦៤នាក់ គិតត្រឹមយប់ថ្ងៃចន្ទ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

យោងតាមអ្នកឧតុនិយម បានឲ្យដឹងថា Yagi ដែលជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុតពុំធ្លាប់មាន ក្នុងពេល៣០ឆ្នាំ បានវាយប្រហារភាគខាងជើង ប្រទេសវៀតណាម បំផ្លាញស្ពាន របើកដំបូលអគារ និងរោងចក្រខូចខាតយ៉ាងដំណំ ដោយបានបោកបក់ កាលពីថ្ងៃសៅរ៍ ក្នុងល្បឿន ១៤៩ គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ដែរថា ក្នុងចំណោមមនុស្សស្លាប់សរុប មាន៤៤នាក់បានស្លាប់ដោយសារការបាក់ដី និង ទឹកជំនន់ភ្លាមៗ។ ក្រៅពីនេះ មនុស្សប្រមាណ ២៥០នាក់ផ្សេងទៀត បានរងរបួស។

ការដាច់ចរន្តអគ្គិសនី បណ្តាលឱ្យមានការរំខានយ៉ាងធ្ងន់ធ្ងរ ដល់រោងចក្រ នៅភាគខាងជើង ដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោក ដូចជា Samsung និង Foxconn ជាដើម។ មនុស្សប្រហែល ១.៥ លាននាក់នៅតែគ្មានអគ្គិសនីប្រើប្រាស់ កាលពីថ្ងៃចន្ទ ហើយស្ពានដ៏សំខាន់មួយឆ្លងកាត់ទន្លេ ប្រវែង៣៧៥ម៉ែត្រ នៅក្នុងខេត្ត Phu Tho បានបាក់ដាច់ ធ្លាក់ទាំងយានយន្ត និងមនុស្ស ចូលទៅក្នុងទន្លេ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner