ផ្ទុះឡានដឹកសាំងស្លាប់ ៥៩នាក់នៅនីហ្សេរីយ៉ា

បរទេស៖ ទីភ្នាក់ងារជួយសង្គ្រោះ នៅប្រទេសនីហ្សេរីយ៉ា បាននិយាយថា រថយន្តដឹកប្រេងមួយគ្រឿង បានផ្ទុះ បន្ទាប់ពីបានបុកជាមួយរថយន្តដឹកអ្នកដំណើរ និងសត្វពាហនៈ នៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៩នាក់។

ហេតុការណ៍នេះបានកើតឡើង កាលពីព្រឹកថ្ងៃអាទិត្យ នៅក្នុងតំបន់ Agaie។ ដំបូងឡើយ រថយន្តដឹកប្រេងសាំង PMS បានបុកជាមួយរថយន្តសណ្តោងរ៉ឺម៉ក ដែលផ្ទុកអ្នកដំណើរ និងគោក្របី។ គោក្របី ជាង៥០ក្បាល ត្រូវបានដុតទាំងរស់។ ក្រោយមក ក៏មានរថយន្តពីរគ្រឿង ផ្សេងទៀត រួមមាន រថយន្តស្ទូចមួយគ្រឿង និងរថយន្តភីកអាប់ ក៏បានជ្រុលចូលមក ក្នុងពេលឆាបឆេះឡានដឹកប្រេង ផងដែរ។

ការផ្ទុះឡានដឹកសាំង កើតមានជាញឹកញាប់ នៅក្នុងប្រទេស ដែលមានប្រជាជនច្រើនជាងគេ នៅទ្វីបអាហ្រ្វិក មួយនេះ ខណៈដែលផ្លូវថ្នល់ មិនត្រូវបានថែទាំ បានល្អ។ យោងតាមគណៈកម្មការសុវត្ថិភាពផ្លូវថ្នល់ បានឲ្យដឹងថា មនុស្សជាង ៥០០០នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសនីហ្សេរីយ៉ា ក្នុងឆ្នាំ២០២៣៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner