អង្គការផ្កាយសមុទ្រនឹងបង្ហាញពីការលើកកម្ពស់យុវជនតាមរយៈកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍ Gumball 3000 Rally ដែលជិតមកដល់ក្រុងសៀមរាប

ភ្នំពេញ៖ អង្គការផ្កាយសមុទ្រមានក្តីសោមនស្សប្រកាសអំពីការចូលរួមក្នុង ព្រឹត្តិការណ៍​ដ៏អស្ចារ្យមិនធ្លាប់មានគឺ Gumball 3000 Rally ដែលនឹងប្រព្រឹត្តទៅនៅមុខសណ្ឋាគារ Raffles ក្នុងក្រុងសៀមរាប នៅថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ។ គួរបញ្ជាក់ផងដែរ​ថា ព្រឹត្តិការណ៍ដ៏ធំនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការ ជាមួយ Laureus Sport for Good និងទទួលបានការគាំទ្រពី Gumball 3000 ។

ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំកីឡាករ កីឡាការនីវ័យក្មេង ក្នុងនោះមានកុមារា ១៥នាក់ និងកុមារី ១៥នាក់ ដែលនឹងបង្ហាញ ជំនាញបាល់ទាត់ ក៏ដូចជាចូលរួម លេងល្បែងបាល់ទាត់សង្គម និងការប្រកួតបាល់ទាត់ជាមួយគ្នាថែមទៀតផង ។

ព្រឹត្តិការណ៍នេះនឹងរំលេចឲ្យឃើញពីភាពវិជ្ជមាននៃកម្មវិធីបាល់ទាត់របស់ អង្គការផ្កាយសមុទ្រ ដែលមានគោលបំណងជួយលើកកម្ពស់កុមារ និងយុវជន ដោយជំរុញការធ្វើការងារជាក្រុម ភាពជា អ្នកដឹកនាំ និងស្មារតីសាមគ្គីជាសហគមន៍ ចាប់ពីម៉ោង ៣ ថ្ងៃត្រង់ រហូតដល់ម៉ោង ៦ ល្ងាច។ កីឡាករវ័យក្មេងៗទាំងនេះ ដែលបានឆ្លងកាត់ការបង្វឹកពីគ្រូបង្វឹកបាល់ ទាត់អង្គការផ្កាយសមុទ្រចំនួន ៦រូប នឹងមកជួបជុំគ្នាបង្ហាញពីសារៈសំខាន់នៃកីឡា ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាព បំផុតជម្រុញការផ្លាស់ប្តូរក្នុងសង្គម ដោយនាំមកនូវសមភាព និងការចូលរួម ។

កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ ដែលទទួលបានការគាំទ្រពី Laureus Sport for Good អស់រយៈពេលជាច្រើនមក គឺមិនមែនគ្រាន់តែជាការហ្វឹកហាត់​បាល់ទាត់​នៅលើទីលានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបញ្ចូលការរៀនសូត្រជំនាញ បំណិនជីវិត និងគុណតម្លៃ ដើម្បីជួយកុមារកសាងអនាគតដ៏ត្រចេះត្រចង់ផងដែរ ។ បន្ថែមពី នេះ ទៀត ព្រឹត្តិការណ៍មួយនេះក៏ជាឱកាសដ៏វិសេសសម្រាប់សាធារណជន​ក្នុងការមើល​ឃើញដោយផ្ទាល់នូវគុណតម្លៃដ៏ធំរបស់កីឡា ក៏ដូចជាការខិតខំ​ប្រឹងប្រែងរបស់​អង្គការ​ផ្កាយសមុទ្រក្នុងការបណ្តុះកុមារ និងយុវជនកម្ពុជា ដែលជាអ្នកដឹកនាំជំនាន់​ក្រោយ​ទៀតផង ។

អ្នកស្រី ជួប វិច្ឆិកា ជាអគ្គនាយិកាប្រតិបត្តិអង្គការផ្កាយសមុទ្របានមានប្រសាសន៍ថា “ពួកយើងពិតជាមានមោទនភាព យ៉ាងធំធេង ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ Gumball 3000 Rally នៅក្រុងសៀមរាប ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជា ព្រឹត្តិការណ៍កីឡាបាល់ទាត់ទេ តែវាក៏បង្ហាញពីភាពខ្លាំង និងទេពកោសល្យរបស់កី​ឡាករកីឡាការនីវ័យក្មេងរបស់យើងផង ដែរ ដែលសុទ្ធសឹងតែជាកុមារ និងយុវជន​ទទួលបានការគាំទ្រពីកម្មវិធីនានារបស់អង្គការជួយឲ្យពួកគេជំនះឧបសគ្គជាច្រើន រហូតដល់ជោគជ័យក្នុងជីវិត ។”

អង្គការផ្កាយសមុទ្រសូមអញ្ជើញសហគមន៍ក្នុងស្រុក ភ្ញៀវកិត្តិយស និងអ្នកគាំទ្ររបស់ Gumball 3000 Rally ទាំងអស់ឲ្យ ចូលរួមទស្សនាក្នុងព្រឹត្តិការណ៍នៅមុខសណ្ឋាគារ Raffles ដើម្បីជួយលើកទឹកចិត្តកីឡាករវ័យក្មេងរបស់យើង ។ ការគាំទ្រ របស់អ្នកនឹងរួមចំណែកជួយឲ្យពួកគេបន្តអភិវឌ្ឍខ្លួន និងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពឲ្យបានខ្លាំងពូកែទាំងនៅក្នុង និង ក្រៅទីលានបាល់ទាត់ ។

សូមបញ្ជាក់ថា Laureus ៖ Laureus គឺជាចលនាពិភពលោក ដែលប្រើប្រាស់សារៈសំខាន់នៃកីឡា ដើម្បីផ្លាស់ប្តូរជីវិតកុមារ និងយុវជន ។ ចាប់តាំងពីឆ្នាំ ២០០០ មក Laureus Sport for Good បានប្រើប្រាស់កីឡាជាមធ្យោបាយជួយផ្លាស់ប្តូរជីវិតកុមារ និងយុវជន ជាង ៦.៥លាននាក់ ហើយបច្ចុប្បន្នកំពុងតែគាំទ្រកម្មវិធីជាង ២៦០ នៅក្នុងប្រទេសជាង ៤៥ លើពិភពលោក ។

ដោយឡែក Gumball 3000 ៖ Gumball 3000 គឺជាម៉ាកផលិតផលសម្រាប់ការរស់នៅប្រចាំថ្ងៃដ៏ទាន់សម័យមួយ ដែលរួមបញ្ចូលរថយន្ត សិល្បៈ និងវប្បធម៌ពេញនិយម ដែលត្រូវបានគេស្គាល់ថាព្រឹត្តិការណ៍បង្ហាញរថយន្តទំនើបប្រចាំឆ្នាំ Gumball 3000 Rally ។ Gumball 3000 បានបង្កើតមូលនិធិ Gumball 3000 Foundation នៅឆ្នាំ ២០១៣ ដើម្បីប្រមូលផ្ដុំ អតីតសមាជិកជាង ៥,០០០នាក់របស់ខ្លួន និងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដ៏ធំ ដើម្បីគាំទ្រដល់បុព្វហេតុសំខាន់ៗ ដែលភាគច្រើនទាក់ទងនឹងគម្រោងយុវជន និងបរិស្ថានជាដើម ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner