សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបជាមួយគណៈប្រតិភូ ធុរកិច្ចអាមេរិក ដែលមកទស្សនកិច្ចនៅកម្ពុជា

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបជាមួយ គណៈប្រតិភូធុរកិច្ចអាមេរិក ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូធុរកិច្ចអាមេរិក ដែលបានដឹកនាំក្រុមការងារ មកទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកអាជីវកម្ម ជាមួយភាគីពាក់ព័ន្ធ ពិសេស ក្នុងគោលបំណងទិញអង្ករ និងផលិតផលម្ហូបអាហារពីកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារ អាមេរិក និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ។

សូមជម្រាបថា យោងតាមស្ថិតិ ពាណិជ្ជកម្ម អន្តរជាតិ របស់ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ ដែល ចេញផ្សាយ កាល ពី ពេល ថ្មីៗ នេះ បានឱ្យដឹងថា រយៈពេល ៧ ខែ ឆ្នាំ ២០២៤ កម្ពុជា បាន នាំចេញ ទំនិញ ក្នុង ទំហំ ទឹកប្រាក់ ជាង ១៤ ពាន់ លាន ដុល្លារ ទៅកាន់ ទីផ្សារ ជាច្រើន ប្រទេស ខណៈទំហំ ទឹកប្រាក់ នាំចេញ នេះ មានការ កើនឡើង ជាង ១៤ភាគរយ បើ ធៀប ទៅ និង រយៈពេល ដូចគ្នា កាលពី ឆ្នាំ ២០២៣ ។

ស្ថិតិ ពាណិជ្ជកម្ម អន្តរជាតិ បញ្ជាក់ ថា ក្នុង រយៈពេល ៧ ខែ ឆ្នាំនេះ កម្ពុជា បាន នាំចេញ ទំនិញ ទៅកាន់ សហភាព អឺរ៉ុប ក្នុង ទំហំ ទឹកប្រាក់ ជាង ១ ពាន់៦០០ លាន ដុល្លារ ប៉ុន្តែ ការនាំចេញ ទៅកាន់ សហរដ្ឋ អាមេរិក មានច្រើន ជាងគេ ក្នុង ទំហំ ទឹកប្រាក់ ជាង ៥ ពាន់ ៥០០លាន ដុល្លារ ខណៈ ការ នាំ ចេញ ទៅ ប្រទេស ចិន ក្នុង ទំហំ ទឹកប្រាក់ ជិត ១ ពាន់ លាន ដុល្លារ ស្ថិត ក្នុង លំដាប់ ទី ៣ បន្ទាប់ ពី វៀតណាម ជាង ២ ពាន់លាន ដុល្លារ ។

ស្ថិតិ ពាណិជ្ជកម្ម អន្តរជាតិ របស់ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ បានឱ្យ ដឹងទៀត ថា ក្នុង រយៈពេល ៧ ខែ ឆ្នាំ ២០២៤ កម្ពុជា បាន នាំចេញ ទំនិញ ទៅកាន់ ទីផ្សារ បរទេស ជាច្រើន ប្រភេទ ដូចជា៖ ស្បែក សត្វ ស្បែក សិប្ប និមិត្ត ក្រដាស ក្រដាសកាតុង កប្បាស អាលុយមីញ៉ូម វត្ថុ ធ្វើ ពី អាលុយមីញ៉ូម ដែក ដែកថែប វត្ថុ ធាតុ ប្លាស្ទិក វត្ថុ ធ្វើ ពី ប្លាស្ទិក ផលិតផល ដែល ចាក់ ដោយ ម្ជុល សរសៃ អំបោះ សិប្ប និមិត្ត ខ្លីៗ ជ័រកៅស៊ូ និង វត្ថុ ដែល ធ្វើ ពី កៅស៊ូ ជាដើម ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner