ក្រសួងរៀបចំដែនដី និងគណៈស្ថាបត្យករកម្ពុជា ចុះMOU ជាមួយបណ្តាសាកលវិទ្យាល័យ និងអង្គភាពសារព័ត៌មាន ពង្រីកវិសាលភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា លើវិស័យដែនដី
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈស្ថាបត្យករកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយបណ្តាសាកលវិទ្យាល័យ និងអង្គភាពសារព័ត៌មាន នឹងពង្រីកវិសាលភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាលើវិស័យដែនដីកាន់តែទូលំទូលាយ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។
ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារច្បាប់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្រុមការងារច្បាប់ និងក្រុមមេធាវីស្ម័គ្រចិត្ត បានធ្វើការទំនាក់ទំនងជាមួយគណៈស្ថាបត្យករកម្ពុជា បណ្ដាសាកលវិទ្យាល័យ និងវិទ្យាស្ថាន ដែលជាគ្រឹះស្ថានឧត្តមសិក្សា និងក្រោយឧត្តមសិក្សា អង្គភាពសារព័ត៌មាន រៀបចំអនុស្សរណៈយោគយល់គ្នាចំនួន២ ដើម្បីឧត្តមប្រយោជន៍ដល់និស្សិត និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកិច្ចសហការលើការអភិវឌ្ឍវិស័យទាំងឡាយក្រោមសមត្ថកិច្ចរបស់ក្រសួង ចូលរួមពង្រឹងសមត្ថភាពអ្នកវិជ្ជាជីវៈ និងបណ្ដុះបណ្ដាលនិស្សិតរបស់សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំងអស់ ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានគូសបញ្ជាក់ថា គោលបំណងចម្បងនៃការចុះអនុស្សរណៈយោគយល់គ្នានាពេលនេះ គឺដើម្បីប្រមូលផ្ដុំនូវស្ថាប័ន និងបញ្ញាវ័ន្ដ ដែលមានចំណេះ ជំនាញ និងគំនិតយោបល់ពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅក្នុងប្រទេសកម្ពុជា សម្ដៅពង្រីកវិសាលភាពក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឱ្យបានកាន់តែទូលំទូលាយថែមទៀត ។ ការចុះអនុស្សរណៈយោគយល់គ្នានាពេលនេះ ក៏ដើម្បីកសាងសមត្ថភាពមន្ត្រី និងស្ថាប័ន ថែមទាំងជាការលើកទឹកចិត្ត និងផ្ដល់ឱកាសដល់និស្សិតគ្រប់រូបឱ្យមានទីកន្លែង ដើម្បីបំពេញបំណងប្រាថ្នា និងឧបនិស្ស័យរបស់ខ្លួនពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី ។ នេះជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ និងកត្តាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី០១របស់រាជរដ្ឋាភិបាលដែលផ្ដោតទៅលើធនធានមនុស្ស ការកសាងសមត្ថភាពមន្ត្រី សមត្ថភាពស្ថាប័ន និងការលើកទឹកចិត្តមន្ត្រី។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានទុកថានេះជាឱកាសល្អក្នុងការជជែកពិភាក្សាគ្នា ថាតើយើងអាចរួបរួមគ្នាធ្វើអ្វីខ្លះ ដើម្បីកែប្រែសង្គមជាតិយើងឱ្យកាន់តែប្រសើរជាងមុនស្របតាមបំណងប្រាថ្នារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវចំណុចស្នូលនៃយុទ្ធសាស្ត្របញ្ចកោណគឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ៕
ដោយ / គ្រី សម្បត្តិ