ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ លក្ខណៈពិសេសមួយ របស់ក្រសួងមុខងារសាធារណៈ គឺ សុខដុមនីយកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ

(ភ្នំពេញ)៖ មានប្រសាសន៍ក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិស និងពង្រឹងសមត្ថភាព​មន្ត្រីរាជការក្រសួងមុខងារសាធារណៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងនូវអនុសាសន៍គន្លឹះជាច្រើន ជូនដល់សិក្ខាកាមសម្រាប់ជាពុទ្ធិ និងការតម្រង់ទិស ក្នុងឧត្តមភាពជាមន្ត្រីរាជការ។

ក្រៅពីរំលេចពីសមិទ្ធផលដែលក្រសួងមុខងារសាធារណៈសម្រេចបាន ក្នុងនាមជា​សេនាធិការ របស់រាជរដ្ឋាភិបាល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើង​ចំណុចពិសេស របស់ក្រសួងមុខងារសាធារណៈចំនួន ៣ចំណុចរួមមាន៖

ទី១. សុខដុមនីយកម្ម នៃថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ។

ទី២. ទឹកចិត្ត ឆន្ទះនៃការលះបង់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងមុខងារសាធារណៈ ។

ទី៣. ការសំឡឹងមើលថា ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាឱកាសជាជាងបញ្ហា ឬការប្រឈម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកពីចំណុចខាងលើ បន្ថែមថា “ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ មិនបានបែងចែកជំនាន់ ឬអ្នកចូលមុនចូលក្រោយនោះទេ ពោលគឺរួមចិត្ត រួមស្មារតីតែមួយនៅក្នុង ក្រសួងមុខងារសាធារណៈ ឆ្ពោះទៅមុខ ហើយអនុវត្តបេសកកម្មក្នុងស្មារតីតែមួយ បំពេញការងាររួមគ្នា ប្រកបដោយជវភាពនៃតួអង្គតែមួយ និងមានការគោរពគ្នាទៅវិញទៅមក។

ទន្ទឹមនេះ ឯកឧត្តមបានបន្តថា “ទឹកចិត្ត ឆន្ទៈនៃការលះបង់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងមុខងារសាធារណៈ បានបំពេញកិច្ចការងារស្នូល និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដោយពុំមានរើសមន្ត្រីថ្មីនោះទេ គឺប្រើប្រាស់ធនធានដែលមានស្រាប់ ដោយបានរែកពន់នូវការងារជាច្រើនដែលក្រសួងមុខងារសាធារណៈ កំពុងធ្វើ ប្រកបដោយភាពទទួលខុសត្រូវ ឆន្ទៈ មនសិការ និងវិជ្ជាជីវៈក្នុងការបំពេញការងារ។

ឯកឧត្តម បានណែនាំបន្ថែមថាការកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជាចំណុចអវិជ្ជមាន ឬជាបញ្ហាប្រឈមនោះទេ តែយើងទាំងអស់គ្នា មើលថាការកែទម្រង់រដ្ឋបាលសាធារណៈ ជាឱកាសចូលរួមយ៉ាងស្វាហាប់ ក្នុងភាពទទួលខុសត្រូវ ដើម្បីចូលរួមការកសាង និងប្រែក្លាយរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner