ចិនគ្រោងបណ្តុះបណ្តាលប៉ូលីសបរទេស ៣ពាន់នាក់បន្ថែមទៀត

ប៉េកាំង : ប្រទេសចិននឹងបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់រាប់ពាន់នាក់មកពីប្រទេសផ្សេងៗគ្នាក្នុងរយៈពេល ១២ខែខាងមុខ។

ប្រមុខប៉ូលិសចិនបាននិយាយកាលពីថ្ងៃចន្ទថា ក្នុងពេល១២ខែទៀត ប្រទេសចិននឹងបង្វឹកមន្ត្រីអនុវត្តច្បាប់ប្រហែល ៣,០០០នាក់មកពីប្រទេសផ្សេងៗគ្នា ខណៈទីក្រុងប៉េកាំងកំពុងស្វែងរកការពង្រឹងតួនាទី ជាអ្នកផ្តល់សេវាសន្តិសុខពិភពលោក។

រដ្ឋមន្ត្រីសន្តិសុខសាធារណៈចិន លោក Wang Xiaohong បាននិយាយនៅក្នុងសុន្ទរកថានៅឯសន្និសីទមួយនៅភាគខាងកើតប្រទេសចិនថា ប៉ូលីសមកពីប្រទេសចិនបានបណ្តុះបណ្តាលមន្ត្រីចំនួន ២,៧០០នាក់កាលពីឆ្នាំ ២០២៣។

លោក Wang បន្តថា ប្រទេសចិនក៏គ្រោងនឹងបង្វឹកមន្រ្តីចំនួន ៣,០០០នាក់បន្ថែមទៀត ដែលមកពីប្រទេសផ្សេងៗក្នុងរយៈពេល ១២ខែខាងមុខនេះ។

លោក Wang បានបញ្ជាក់យ៉ាងដូច្នេះថា យើងក៏នឹងបញ្ជូនអ្នកប្រឹក្សាប៉ូលីសទៅកាន់ប្រទេស ដែលត្រូវការការបណ្តុះបណ្តាលផងដែរ ដើម្បីជួយពួកគេឱ្យប្រសើរឡើងនូវសមត្ថភាពអនុវត្តច្បាប់យ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។

លោក Wang បានប្រកាសបែបនេះ នៅក្នុងសន្និសីទសន្តិសុខ ដែលបានធ្វើឡើងនៅទីក្រុងកំពង់ផែ Lianyungang ក្នុងខេត្ត Jiangsu ដែលបានទាក់ទាញមន្ត្រីអនុវត្តច្បាប់មកពី ១២២ប្រទេស តំបន់ និងអង្គការអន្តរជាតិ រួមមានម៉ាឡេស៊ី មីយ៉ាន់ម៉ា ប៉ាគីស្ថាន និងស្ថាប័នប៉ូលីសពិភពលោក អាំងទែប៉ូល។

សន្និសីទប្រចាំឆ្នាំនេះដែរ ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) ដែលស្នើឡើងដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងឆ្នាំ ២០២២ ដែលមានគោលបំណងដោះស្រាយបញ្ហាអន្តរជាតិ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀត៕

ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner