ចិន និងរុស្ស៊ី គ្រោងធ្វើសមយុទ្ធយោធាក្នុង ខែ នេះ

ប៉េកាំង : ប្រទេសចិនបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងធ្វើសមយុទ្ធយោធារួមគ្នាជាមួយរុស្ស៊ីនៅក្នុងខែកញ្ញានេះ។

ចិន និងរុស្ស៊ី គ្រោងចាប់ដៃគ្នាធ្វើសមយុទ្ធយោធានៅក្នុងខែកញ្ញានេះ ខណៈដែលប្រទេសសម្ព័ន្ធមិត្តទាំងពីរកំពុងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅ និងអង្គការណាតូបានចាត់ទុកចិនថា ជាអ្នកបង្កាត់ភ្លើងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ក្រសួងការពារជាតិចិនបាននិយាយថា កងនាវាចរ និងទ័ពអាកាសចិន នឹងចូលរួមក្នុងសមយុទ្ធយោធា North-Joint 2024 នៅសមុទ្រខាងកើត និងសមុទ្រ Okhotsk ក្បែរឆ្នេរសមុទ្ររុស្ស៊ី។

ក្រសួងបន្តថា សមយុទ្ធនេះ មានគោលបំណងធ្វើឱ្យស៊ីជម្រៅនូវកម្រិតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ រវាងយោធាចិន និងរុស្ស៊ី ក៏ដូចជាបង្កើនសមត្ថភាពរបស់កងទ័ពទាំងពីរ ក្នុងការរួមគ្នាដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខ។

ភាគីទាំងពីរក៏នឹងបញ្ជូនកងនាវាចរទៅកាន់តំបន់ដែនសមុទ្រ ដែលពាក់ព័ន្ធនៃមហាសមុទ្រប៉ាស៊ីហ្វិក សម្រាប់ការល្បាតដែនសមុទ្ររួមគ្នា ហើយចិនក៏នឹងចូលរួមក្នុងសមយុទ្ធយុទ្ធសាស្ត្រមហាសមុទ្រឆ្នាំ ២០២៤ របស់រុស្ស៊ីផងដែរ។ យ៉ាងណាមិញ ក្រសួងការពារជាតិចិន មិន បាន ផ្តល់ កាលបរិច្ឆេទ ជាក់លាក់ ថា ថាតើសមយុទ្ធនេះនឹង ធ្វើឡើងនៅពេលណានោះទេ។

សូមរម្លឹកថា កាលពីខែ កក្កដា ប្រទេសទាំងពីរបានធ្វើសមយុទ្ធរួមគ្នានៅក្នុងដែនទឹក និង ដែនអាកាស ជុំវិញទីក្រុង Zhanjiang ជាទីក្រុងមួយក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។

សមយុទ្ធនោះបានកើតឡើងក្នុងសប្តាហ៍តែមួយដែលមេដឹកនាំណាតូបានព្រមានចិនថា នឹងក្លាយជាអ្នកនៅពីក្រោយការលុកលុយរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន ដែលជំរុញឱ្យទីក្រុងប៉េកាំងព្រមានប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះវិញ ដើម្បីប្រឆាំងនឹងការប្រឈមមុខដាក់គ្នា៕

ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner