ប្រមុខការទូតចិននឹងទៅរុស្ស៊ីសប្តាហ៍នេះ
ប៉េកាំង : ក្រសួងការបរទេសចិន បានប្រកាសកាលពីថ្ងៃចន្ទថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ សម្រាប់កិច្ចប្រជុំសន្តិសុខនៃបណ្តាប្រទេស BRICS។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ិនធឺណិតថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅចូលរួមកិច្ចប្រជុំមន្ត្រីសន្តិសុខជាន់ខ្ពស់ BRICS រួមទាំងទីប្រឹក្សាសន្តិសុខជាតិនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅទីក្រុង St Petersburg ប្រទេសរុស្ស៊ី។
លោកស្រី Mao បន្តថា អំឡុងកិច្ចពិភាក្សាក្នុងសប្តាហ៍នេះ លោក Wang នឹងជជែកអំពីស្ថានភាពសន្តិសុខអន្តរជាតិបច្ចុប្បន្ន និងបញ្ហាអន្តរជាតិ ក៏ដូចជាតំបន់សំខាន់ៗ ជាមួយមន្ត្រីប្រទេស BRICS។
លោកស្រី Mao បន្ថែម ថា ពិភពលពិភពលោកសព្វថ្ងៃនេះ គឺមាន ភាព ចលាចល ដែល ជាប់ ពាក់ព័ន្ធ គ្នា ហើយ បញ្ហា ប្រឈម ផ្នែក សន្តិសុខ ផ្សេងៗ គឺ មាន ភាព ស្មុគស្មាញ និង ធ្ងន់ធ្ងរ។
បណ្តាប្រទេស BRICS តែងតែប្តេជ្ញាចិត្ត ក្នុងការរក្សាសន្តិភាពពិភពលោក, ជំរុញការអភិវឌ្ឍន៍រួម, អនុវត្តពហុភាគីនិយម និងការលើកកម្ពស់អភិបាលកិច្ចពិភពលោក ក្នុងទិសដៅដ៏ត្រឹមត្រូវ និងយុត្តិធម៌ជាងមុន។
ក្រុមប្រទេស BRICS គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលនៅទីក្រុង Kazan ភាគនិរតីនៃប្រទេសរុស្ស៊ីនៅខែក្រោយ ជាអ្វីដែលវិមានក្រឹមឡាំងសង្ឃឹមថា នឹងមានឱកាសពង្រីកឥទ្ធិពលរបស់ខ្លួន និងបង្កើតសម្ព័ន្ធភាពសេដ្ឋកិច្ចឱ្យកាន់តែជិតស្និទ្ធ។
គួរបញ្ជាក់ថា ក្រុមប្រទេស BRICS រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដែលតំណាងឱ្យស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក ហើយចាប់តាំងពីពេលនោះមក បានពង្រីកដើម្បីរួមបញ្ចូលប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនសំខាន់ៗផ្សេងទៀត រួមមាន អារ៉ាប់រួម និងអ៊ីរ៉ង់៕

ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា