ចិននឹងចាប់ផ្តើមបេសកកម្មប្រមូលដីពីភពអង្គារនៅឆ្នាំ ២០២៨

ប៉េកាំង៖ ប្រទេសចិនមានផែនការចាប់ផ្តើមបេសកកម្ម អវកាស Tianwen-3 របស់ខ្លួននៅឆ្នាំ ២០២៨ ដើម្បីឡើងទៅប្រមូលសំណាក ឬដីនៅភពអង្គារមកធ្វើពិសោធន៍នៅផែនដី។

លោក Liu Jizhong ប្រធានអ្នករចនាបេសកកម្មនៃភពព្រះអង្គាររបស់ចិន បាននិយាយថា បេសកកម្មនេះ មានគោលបំណងនាំយកសំណាក ឬ ដីនៅភពអង្គារ (Martian) ទម្ងន់ ៦០០ក្រាមត្រឡប់មកកាន់ផែនដីវិញ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ។

លោក Liu បន្ថែមថា បេសកកម្មរបស់ប្រទេសចិននឹងស្វែងរកវិធីសាស្រ្តរស់នៅលើភពអង្គារ ក៏ដូចជាមានគម្រោងសាងសង់មន្ទីរពិសោធន៍នៅភពអង្គារ។

ក្រៅពីប្រទេសចិន ឥណ្ឌា និងទីភ្នាក់ងារអវកាសអឺរ៉ុបក៏បានប្រកាសពីបេសកកម្មនៅភពអង្គាររបស់ពួកគេផងដែរ ដោយឥណ្ឌាមានគោលដៅចុះចតយានអវកាសនៅឆ្នាំ ២០២៥។

បេសកកម្ម Tianwen-3 នឹងប្រើប្រាស់រ៉ុក្កែត Long March 5 ចំនួនពីរ ដើម្បីបាញ់បង្ហោះយានទៅចុះចតនៅភពអង្គារ និងវិលត្រលប់មកផែនដីវិញ។

យានអវកាសនោះ នឹងប្រមូលដីនៅភពអង្គារដោយប្រើវិធីបីយ៉ាងផ្សេងៗគ្នា ដែលស្រដៀងគ្នានឹងការប្រមូលសំណាកនៅភពព្រះចន្ទកាលពីមុន។

របាយការណ៍បានឱ្យដឹងថា បេសកកម្មអវកាស Tianwen-3 ត្រូវបានរំពឹងថា នឹងយកគំរូដីភពអង្គារត្រឡប់មកផែនដីវិញនៅឆ្នាំ ២០៣១។

បើសិនអ្វីៗទទួលជោគជ័យដូចការគ្រោងទុកនោះ ចិននឹងវ៉ាដាច់សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសនាំមុខគេ ក្នុង ការ រុករក នៅភពព្រះអង្គារ និងនៅទីអវកាស។

អ្នកជំនាញបាននិយាយថា ការវិភាគដីភពអង្គារត្រូវបានចាត់ទុកថា ជាអាទិភាពខាងវិទ្យាសាស្ត្រកម្រិតខ្ពស់ សម្រាប់ការយល់ដឹងពីភពអង្គារ និងប្រព័ន្ធព្រះអាទិត្យរបស់យើង។

លើសពីនេះ បេសកកម្ម Tianwen-3 របស់ចិន ក៏នឹងអាចបង្កើនល្បឿននៃគោលដៅរយៈពេលវែងរបស់ប្រទេសចិន ក្នុងការបង្កើតមូលដ្ឋានមនុស្សនៅលើភពអង្គារនៅឆ្នាំ ២០៤៥ ផងដែរ៕

ប្រភព : Yahoo News ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner