សម្ពោធឆ្លងសមិទ្ធផលនៅវត្តពោធិ៍វង្សហត្ថី តម្លៃជាងប្រាំម៉ឺនដុល្លារ​

កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកស្រី បានអញ្ជើញ​ចូលរួមសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការនូវខ្លោងទ្វារវត្តចំនួនពីរ​ដែល​ទើបតែសាងសង់រួច ដែលមានតម្លៃជាង៥២ ០០០ដុល្លារ ក្នុងវត្ត​ពោធិ៍វង្សហត្ថី នៅស្រុកតាំងគោក ខេត្តកំពង់ធំ។ ជាមួយការ​កសាងនេះ​នាយទាហាន នាយទាហានរង និងពលទាហាននៃ​បញ្ជាការដ្ឋានតំបន់​ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បាន​ចូល​រួមបច្ច័យជិត ២ ០០០ ដុល្លារបន្ថែមទៀត សម្រាប់ចូលរួមចំណែកក្នុងការកសាង​សមិទ្ធផល​​នានា ក្នុងទីអារាមនេះថែមទៀត។

ព្រះតេជគុណ ចែម មុន្នីចិន្តា ព្រះគ្រូចៅអធិការវត្តពោធិ៍វង្សហត្ថី មានថេរដីកាថា ខ្លោងទ្វារទាំងពីរនៅទិសទក្សិណ និងទិសបស្ចឹម ជាការរួមចំណែករបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងសហការីនិងឯកឧត្តម ប៉ិច សុខា អនុរដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក ដែលបានរួមចំណែកជាមួយព្រះសង្ឃ គណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទជិតឆ្ងាយផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់ថា ក្រោមដំបូលសុខសន្តិភាព ឯកភាពជាតិពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនរុងរឿង ទាំងពុទ្ធចក្រ និងអាណាចក្រ បច្ចុប្បន្នមានវត្តជាង៥ពាន់វត្ត ព្រះសង្ឃជាង ៧ម៉ឺនអង្គ៕
ដោយ៖ ប៊ុន រដ្ឋា

ads banner