អាមេរិកពង្រាយDroneឆ្លើយតបលេខ911
អាមេរិក៖ យន្តហោះគ្មានមនុស្ស ឬ Drone ស្វ័យបើកបរ ប្រភេទ AV8 នឹងក្លាយជាអ្នកឆ្លើយតបដំបូង ចំពោះការហៅលេខបន្ទាន់ ៩១១ នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក នេះបើយោងតាមគេហទំព័រ Interesting Engineering ចេញផ្សាយ កាលពីថ្ងៃចន្ទ។
មេប៉ូលីសប្រចាំតំបន់ Bee Cave នៃរដ្ឋតិចសាស់ លោក Brian Jones បាននិយាយថា ប្រព័ន្ធយន្តហោះគ្មានមនុស្សបើកនេះ អាចឆ្លើយតបទៅនឹងភាពអាសន្នណាមួយ ដោយដើរតួ ជាភ្នែក និងត្រចៀក នៅកន្លែងកើតហេតុ។
លោកថា នៅពេលមានការហៅទូរសព្ទ ទៅកាន់លេខ៩១១ ដ្រូន ដែលនៅជិតបំផុត នឹងឆ្លើយតប ហើយផ្សាយវីដេអូបន្តផ្ទាល់ ទៅកាន់ប៉ូលីស ហើយបន្ទាប់មក ត្រឡប់ទៅស្ថានីយរបស់វាវិញ ដើម្បីសាកថ្ម។ យន្តហោះគ្មានមនុស្សបើកប្រភេទនេះ អាចហោះហើរបានជាង ៤០នាទី ក្នុងពេលសាកថ្មម្តង និងឈានដល់ល្បឿន រហូតដល់៦៧ម៉ាយ ឬ ជាង ១០៧គីឡូម៉ែត្រ នៅក្នុងមួយម៉ោង អំឡុងពេលធ្វើតេស្ត។
លោក Jones បានកត់សម្គាល់ផងដែរថា បច្ចេកវិទ្យានេះធានាសុវត្ថិភាពដល់សហគមន៍ បម្រើប្រជាជនឲ្យកាន់តែល្អប្រសើរ។
ប្រព័ន្ធដ្រូន AV8 អាចនឹងត្រូវបានដាក់ឱ្យប្រើប្រាស់ នៅក្នុងតំបន់ Bee Cave សប្តាហ៍ក្រោយនេះហើយ។ ជំហានដំបូង យន្តហោះគ្មានមនុស្សបើក ៣គ្រឿង នឹងដាក់ នៅជុំវិញតំបន់នេះ។ កន្លែងដាក់ឱ្យដំណើរការ មានចំនួនបី រួមមាន ទាំងសាលារៀន សម្រាប់ការសាកល្បងយន្តហោះគ្មានមនុស្សបើក AV8។
ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា ការដាក់ពង្រាយពេញលេញ អាចនឹងត្រូវធ្វើឡើង ក្នុងរយៈពេល ចន្លោះពីមួយ ទៅពីរខែទៀត៕
ប្រែសម្រួល៖ សារ៉ាត