ជប៉ុនហាមភ្ញៀវផឹកស្រាក្នុងតំបន់ទេសចរណ៍

តូក្យូ៖ ជាផ្នែកមួយដើម្បីទប់ស្កាត់ការឈ្លោះប្រកែកគ្នា កើតចេញពីអ្នកស្រវឹងស្រាបន្តទៀត សង្កាត់ទេសចរណ៍ដ៏ពេញនិយម Shibuya មានទីតាំងស្ថិតក្នុងទីក្រុងតូក្យូ នៃប្រទេសជប៉ុន កំពុងធ្វើការផ្លាស់ប្តូរ តាមរយៈការបង្កើតច្បាប់ខ្លួនឯង ដើម្បីទប់ស្កាត់អាកប្បកិរិយាមិនល្អ ដោយមិនឲ្យមានការផឹកស្រានៅតាមផ្លូវ ឬ កន្លែងសាសធារណៈ ទៀតទេ ហើយបើចង់ផឹក ត្រូវផឹកនៅក្នុងផ្ទះ ឬអគារបិទជិត។

វិធានការដែលមានទាំងការល្បាតតាមដាន ជាប់លាប់ផងនោះ គ្រោងនឹងដាក់ឲ្យចូលជាធរមាន នៅក្នុងខែតុលា ខាងមុខនេះ។ បំរាមផឹកស្រា ត្រូវមានចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង ៥ព្រឹក ជារៀងរាល់ថ្ងៃ។

តំបន់មួយនេះបានអះអាង នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីខែតុលា ឆ្នាំមុនថា «ការខូចខាតដែលបណ្តាលមកពីសកម្មភាពទេសចរណ៍ហួសកម្រិត បានក្លាយទៅជាបញ្ហាធ្ងន់ធ្ងរដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ បណ្តាលមកពីការផឹកស្រាតាមដងផ្លូវ, ការឈ្លោះគ្នា មានទាំងអ្នកស្រុក និងការចោលសំរាមពាសពេញ ជាពិសេស កំប៉ុង និងដបជាច្រើន នៅតាមផ្លូវ។

គួរបញ្ជាក់ថា Shibuya គឺជាកន្លែងទាក់ទាញដ៏ពេញនិយមបំផុតមួយ រួមមានទាំង ទីសក្ការបូជា Meiji, ឧទ្យាន Yoyogi និង ទីលានរាងការ៉េ មានអគារខ្ពស់ៗ Shibuya Scramble ដែលគេជឿថា ជាចំនុចប្រសព្វដ៏មមាញឹកបំផុត របស់ពិភពលោក។

កាលពីរដូវស្លឹកឈើជ្រុះ ឆ្នាំមុន តំបន់ Shibuya ធ្លាប់បានហាមឃាត់សកម្មភាពដែលទាក់ទងនឹងពិធីបុណ្យ Halloween ព្រោះតែបារម្ភនឹងការផឹកជាតិអាល់កុលច្រើន ដោយពេលនោះ ក៏បានរួមបញ្ចូលទាំងការហាមប្រាមមិនឲ្យផឹកស្រា នៅខាងក្រៅបារ និងភោជនីយដ្ឋាន ទៀតផង៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner